សមត្ថកិច្ចបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន បាញ់តដៃគ្នាជាង៣ម៉ោងទើបឃាត់ខ្លួនបានម្នាក់
តាកែវ៖ កម្លាំងនគរបាលខេត្តតាកែវសហការ ជាមួយកម្លាំងសមត្ថកិច្ច ក្រសួងមហាផ្ទៃបានបើកប្រតិបត្តិបង្ក្រាប មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយបានបាញ់តដៃគ្នាជាមួយសមត្ថកិច្ច ៖ ហេតុការណ៍នេះបានធ្វើឡើងកាលពីម៉ោងជាង៤រសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៩ នៅភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ច បានអោយដឹងថា ខណៈចុះប្រតិបត្តិការបង្ក្រាប មុខសញ្ញាស្រាប់តែក្រុមជនសង្ស័យមានកាំភ្លើង ហើយបានធ្វើការបាញ់មកលើកម្លាំងសមត្ថកិច្ច ពេលនោះកម្លាំងសមត្ថកិច្ចបានបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីគំរាមក្រុមជនសង្ស័យ។
- សមត្ថកិច្ចបានបន្តថា បន្ទាប់ពីមានការបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងអន្ដរាគមន៍ពិសេសចេញជួយអន្ដរាគមន៍ ដោយធ្វើការឡោមពន្ធ័រយពេលជាង៣ម៉ោងទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ យឹម វណ្ណឌី អាយុ ២២ឆ្នាំ ស្រុកកំណើត ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងដកហូតបានកាំភ្លើងខ្លីម៉ាក Glock មួយដើម ដាវសាំម៉ូរៃ ចំនួន២ និងថ្នាំញៀនមួយចំនួន ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវកម្លាំង សមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕