សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់បន្ទាប់ពីធ្វើសកម្មភាពប្លន់រថយន្តLexus RX300
តាកែវ៖ កម្លាំងនគរបាលខេត្តតាកែវឃាត់ខ្លួន ជនស្ស័យជនជាតិចិនប្រុសស្រី២នាក់ បន្ទាប់ពីពួកធ្វើសកម្មភាពប្លន់រថយន្តមួយគ្រឿងម៉ាកLexus RX300 បានសម្រេច ហើយព្យាយាមបើកគេចតែគេចមិនរួច
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ និងទី២.ឈ្មោះ សែវ ជីន ភេទស្រីអាយុ ៣៤ឆ្នាំ សព្វថ្ងៃស្នាក់នៅភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិនទាំង២នាក់បានជួលរថយន្តម៉ាកLexus RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-8959 ពីពោធិ៍ចិនតុង រាជធានីភ្នំពេញជិះតាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពត លុះដល់វេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៩ ខណៈមកដល់ចំណុចកើតហេតុ ជិតផ្សារគុម្ពឬស្សី ស្ថិតក្នុងឃុំតាំងដូងស្រុកបាទី ម្ចាស់រថយន្តបានសុំចុះបត់ជើងធំ ខណៈពេលនោះក៏បានប្រតាយប្រតប់គ្នាជាមួយនិងជនសង្ស័យ បណ្តាលឲ្យម្ចាស់រថយន្តរងរបួសស្រាល រួចបានរត់មកប្តឹងសមត្ថកិច្ចនៅស្រុកបាទី ចំណែកជនសង្ស័យបានបើករថយន្តរត់គេចខ្លួនសំដៅទៅខេត្តកំពត។
សមត្ថកិច្ចបន្តថា ក្រោយពេលទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងតាមបណ្តាស្រុក/ក្រុង និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន ចុះល្បាតពួនស្ទាក់ ត្រួតពិនិត្យឆែកឆេរ រហូតវេលាម៉ោង ០៧និង ៣០នាទី កម្លាំងជំនាញបានព័ទ្ធស្ទាក់ចាប់បានរថយន្តខាងលើ រួមទាំងជនសង្ស័យទាំង ០២នាក់ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕