គួឲ្យអាសូ! បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកស្លាប់រួចបើករត់ទៅគៀររម៉កកង់បីក្រឡាប់និងរបួសស្រាលម្នាក់ទៀត
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូសង់បុិចត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកពីក្រោយបុកពេញទំហឹងស្លាប់បណ្ដាលឲ្យស្លាប់ ហើយរថយន្តបន្ថែមល្បឿនទៅគៀរ រឺម៉កកង់បីមួយគ្រឿងទៀតក្រឡាប់របួសស្រាលម្នាក់ រួចបានបើករត់គេចបាត់ស្រមោល ។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនិងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តាយផ្លូវជាតិលេខ៣ មុខការ៉ាស់សាំងតេលា ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ហេង ហាក់ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរលក់ដូរ មានទីលំនៅ ភូមិព្រៃព្រីងខាងត្បូតសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់)។ ចំណែកខាងរឺម៉កកង់បីរបួសស្រាលមានឈ្មោះ ចក់ ផល្លា ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរ រត់កង់បី មានស្រុកកំណើត ភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
-បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ខាងម៉ូតូសង់បុិច ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ1BV-4670 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ៣ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ទំនងជនរងគ្រោះបត់ត្រឡប់ក្រោយ ស្រាប់តែរថយន្តបង្កមិនស្គាល់ម៉ាក មកដល់បុកចំប្រឆិតពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសដែលជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង ។ ហើយរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ ស្រាប់តែបន្ថែមល្បឿនទៅគៀររឺម៉កកង់បី១គ្រឿងទៀតកំពុងធ្វើដំណើរ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ឯអ្នកបើកបររងរបួសស្រាល ភ្លាមៗរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ។ រីឯម៉ូតូ និងរម៉កកង់បី ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមក្រោយ ៕