Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!! លោកតាឌុបចៅប្រុសស្រី២​នាក់ត្រឡប់មកពីលេងម្ដាយត្រូវរថយន្តប៉ះម៉ូតូពី​ក្រោយដួល កិនស្លាប់តានិងចៅម្នាក់​ចៅ​ម្នាក់​ទៀត​របួសស្រាល

ភ្នំពេញ៖ លោកតាម្នាក់ជិះម៉ូតូឌុបចៅប្រុសស្រី ២នាក់ទៀត ទៅលេងឪពុកម្ដាយរបស់ពួកគេនៅសង្កាត់រលួស ព្រោះឃើញចៅនឹកឪពុកម្ដាយពួកគេពេក លុះត្រឡប់មកវិញត្រូវបានរថយន្តហ៊ីណូ ប៉ះម៉ូតូលោកតាពីក្រោយ បណ្តាលឲ្យដួលខ្ទាតទាំងចៅនិងតា២នាក់​ទៅ​លើដងផ្លូវ ត្រូវបានរថយន្តបង្កកិនស្លាប់ទាំង២នាក់គួរឲ្យរន្ធត់បំផុត និងចៅប្រុសតូច​ម្នាក់ទៀតខ្ទាតចេញពីលើម៉ូតូរងរបួស​ស្រាល។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្ក​ការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤​និង១៥នាទី​ល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងផ្លូវបំបែកជាបួន ច្រកចូលវិទ្យុABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទី១មានឈ្មោះ​ ហួត សារុំ ភេទប្រុស អាយុ​៥៧ឆ្នាំ មុខរបរជាកសិករស្នាក់នៅភូមិពោធិ៍
កណ្ដាល ឃុំជ្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាជីតាបានស្លាប់ ), ទី២ឈ្មោះ រុំ ដាណេ ភេទស្រី អាយុ ៩ឆ្នាំស្នាក់នៅជា​មួយគ្នា (ត្រូវជាចៅស្លាប់ ) ។ ចំណែកទី៣ ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ (ត្រូវជាចៅរងរបួសស្រាល)។ ដោយឡែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សៀង រិទ្ធី ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរបើកបររថយន្ត ស្នាក់នៅភូមិចម្លត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិបាន​ឲ្យដឹងថា​ មុនពេលកើតហេតុចៅទាំង២ដែល​ រស់នៅជាមួយលោកតានៅស្រុកស្អាង ខេត្តកណ្តាល បាននឹកដល់ឪពុកម្តាយរបស់ពួកគេ​ដែលទើបតែទិញដីនៅសង្កាត់រលួស ខណ្ឌ​ដង្កោ ធ្វើផ្ទះស្នាក់នៅ ទើបគាត់ជាលោកតា​បានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹក​ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1X-0846 ឌុបចៅប្រុសស្រីទាំង២នាក់ចេញពីផ្ទះនៅស្រុក​ស្អាង ខេត្តកណ្តាល ដើម្បីនាំចៅ​ទៅលេងឪពុកម្តាយរបស់ពួកគេនៅសង្កាត់​រលួស ខណ្ឌដង្កោ លុះដល់ពេលកើតហេតុគាត់ក៏បានជិះម៉ូតូឌុបចៅទាំង២នាក់ត្រឡប់ទៅផ្ទះវិញ តាមបណ្តោយផ្លូវ៥០ម៉ែត្រ ខណះ​មកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជា៤ លោកតាបានជិះម៉ូតូបត់ពីជើងមកកើតឆ្ពោះទៅផ្ទះវិញ ជិតនឹងផុតទៅហើយ ស្រាប់តែ​មានរថយន្តម៉ាកហ៊ីណូ ពណ៌លឿងលាយពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-4207 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានបុកប៉ះពីក្រោយម៉ូតូរបស់លោកតា បណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះជាលោកតានិងចៅស្រីម្នាក់ទៅលើដងផ្លូវ ត្រូវបានរថយន្តបង្កកិនធ្លាយខួរស្លាប់យ៉ាងរន្ធត់បំផុតទាំង២នាក់ ចំណែកចៅប្រុសម្នាក់​ទៀតខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល។ រីឯរថយន្តបង្កបានបើករត់ចម្ងាយជិត២ គីឡូដី ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់បានទាំង​រថយន្តនិងអ្នកបើកបរ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរ។

ក្រោយកើតហេតុ សាច់ញាតិរបស់ជនរងគ្រោះបានមកដល់នឹងកន្លែងកើតហេតុ​យំ​សោកបោកខ្លួនយ៉ាងខ្លាំង ក្នុងការបាត់បង់ឪពុកជាទីគោរពស្រឡាញ់ និងកូនជាទីស្រឡាញ់របស់ខ្លួន។ ចំណែករថយន្តបង្ករួមទាំងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោសហការជាមួយនគរ​បាលជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង រួមទាំងនាំខ្លួនអ្នកបើកបររថយន្តបង្ក យកទៅកាន់ការិយាល័យចរាចរណ៍ជើង​គោក នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះតានិងចៅស្រីដែលស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ​ប្រគល់ឲ្យទៅសាច់ញាតិក្រុមគ្រួសារយក​ទៅ​ធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕