ក្រសួងមហាផ្ទៃ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា(១៦ឧសភាឆ្នាំ១៩៤៥-១៦ ឧសភា ២០១៩)នាព្រឹកថ្ងៃព្រហស្បតិ៍១៣កើតខែពិសាខឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ផងដែរ។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ការដែលក្រសួង មហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៤ឆ្នាំនេះ គឺដើម្បីរំលឹកនូវគុណូបការៈរបស់អតីតនគរបាលជំនាន់មុន និងក៏ជាការបង្ហាញនូវវីរៈភាព របស់នគរបាលជំនាន់មុនប្រាប់ដល់នគរបាលជំនាន់ក្រោយផងដែរ។ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានលើកឡើងទៀតថា មន្ត្រីនគរបាលជាតិ រួមទាំងថ្នាក់ដឹកនាំពីជំនាន់មុន និងជំនាន់បច្ចុប្បន្ន បានចូលរួមពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមសហការគ្នាទប់ស្កាត់ បានរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ នៃសកម្មភាពបាតុកម្ម-កូដកម្ម ហើយបានបញ្ចៀសនូវសកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្ម ឆ្លងដែន និងការពារពិធីបុណ្យជាតិ-អន្តរជាតិ ជាច្រើនប្រកបដោយសុវត្ថិភាព ជាពិសេសការពារបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ និងគណៈប្រតិភូអន្តរជាតិផងដែរ។ ក្រៅពីជួយការពារ និងថែរក្សាសុវត្ថិភាព សុខសន្តិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល កងកម្លាំងនគរបាលទូទាំងប្រទេស ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយផ្សេងៗផងដែរ។
ជាការកត់សម្គាល់ការរៀបចំធ្វើពិធីរំលឹកខួបលើកទី៧៤ឆ្នាំនេះ ក្រសួងមហាផ្ទៃ ធ្វើឡើងមានលក្ខណៈធំជាងពេលមុនៗ ដោយមានការតាំងពិព័រណ៍នូវរូបថត អនុស្សាវរីយ៍ជាច្រើន នៃសកម្មភាពរបស់នគរបាលគ្រប់រាជធានី-ខេត្ត និងនាយកដ្ឋាននានា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃផងដែរ ៕