ជនសង្ស័យបើកឡានបំបុកគេស្លាប់ហើយរត់គេចខ្លួនត្រូវអាវុធហត្ថរាជធានីភ្នំពេញតាមចាប់បានហើយ
ភ្នំពេញ៖ នៅវេលាម៉ោង៣និង០០នាទីរំលងអធ្រាតឈានចូល២៨ខែមេសាឆ្នាំ២០១៩មានករណីឃាតកម្ម យ៉ាងតក់ស្លុតមួយ បង្កដោយជនសង្ស័យ០១ក្រុម បើករថយន្តម៉ាកហាយឡែនឌ័រ២គ្រឿង(មួយគ្រឿងពណ៌ទឹកប្រាក់និងមួយគ្រឿងទៀតពណ៌ទឹកមាស)បានបើកបំបុកជនរងគ្រោះ០២នាក់ បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅចំណុចស្ពានដែក ផ្លូវចំការដូង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុជនសង្ស័យបានគេចខ្លួនដោយសុវត្ថិភាព បង្កឲ្យមហាជនមានការភ្ញាក់ផ្អើល និង ភ័យស្លន់ស្លោរ ព្រមទាំង សម្តែងការខ្លោចចិត្តអាណិតអាសូជនរងគ្រោះ និងថ្កោលទោសធ្ងន់ធ្ងរ ចំពោះជនសង្ស័យ ។
ស្រាប់តែស្ងាត់ៗរយៈពេល២សប្តាហ៍ក្រោយ ថ្ងៃកើតហេតុ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលជាជនដៃដល់ ត្រូវបាននាំខ្លួនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ទៅហើយ កាលរសៀលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩។
បានលឺដំណឹងមួយនេះ ធ្វើឲ្យអ្នកដែលមានចិត្តអាណិតអាសូរជនរងគ្រោះ សម្តែងការសាទរយ៉ាងពេញទំហឹង តែក៏ចង់ដឹងព័ត៌មាន លម្អិតផងដែរថាតើអាវុធហត្ថរាជធានី ភ្នំពេញចាប់ខ្លួនជនសង្ស័យបានដោយរបៀបណា? សូមតាមដានទាំងអស់គ្នាដូចខាងក្រោម៖
បន្ទាប់ពីកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោលឈឹង ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ បន្សល់ទុកតែ ជនរងគ្រោះ០២នាក់(ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់) នៅនឹងកន្លែង បន្ទាប់មកសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធបានបើកការស៊ើបអង្កេត ជាបន្ទាន់គ្រប់ៗគ្នា។ ក្នុងនោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវប្រមូលភស្តុតាង និងស្វែងរកអត្តសញ្ញាណ ជនសង្ស័យយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល០២សប្តាហ៍រហូតដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩អាវុធហត្ថរាជធានីភ្នំពេញ បានកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ ធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ រិន សេងរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនិងអាស័យដ្ឋានបច្ចុប្បន្នរស់នៅ ភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ច្រៀវ ខេត្តព្រៃវែង។
ជនសង្ស័យបានសារភាពថានៅថ្ងៃកើតហេតុរូបខ្លួននិងមិត្តភក្តិ០៧នាក់ផ្សេងទៀតបាននាំគ្នាផឹកស្រាបៀរ អស់០២កែស នៅផ្ទះរបស់ឈ្មោះ ថៃ រិទ្ធី រហូតដល់ម៉ោង០០និង១០យប់ ក៏នាំគ្នាទៅច្រៀងខារាអូខេ នៅឌីយ៉ាម៉ង ម្តុំស្ពានដែក ផ្លូវចំការដូង បន្តទៀត។ លុះដល់ម៉ោង ០២និង៣០យប់ ពួកគេក៏បានចេញពីច្រៀងវិញឡើងជិះរថយន្តរៀងៗខ្លួន ស្រាប់តែពេលនោះមានបុរស ម្នាក់ឈរនៅចិញ្ចើមផ្លូវបាននិយាយថា(ពួកហែងស្អីគេមានឡាន ប៉ុណ្ណឹងឲ្យគេបើកទ្វារឲ្យ! អស្ចារ្យម្លេះ?)ឭដូច្នេះខ្លួន ក៏បាន ចុះពី រថយន្ត ទៅតវ៉ាជាមួយបុរសនោះ ហើយបុរសនោះក៏និយាយបន្តថា “ពួកហែងអស្ចារ្យអី? អាចុយម្រាយ!” ទន្ទឹមគ្នានោះ មិត្តភក្តិ របស់ខ្លួនឈ្មោះ រិន បូរ៉ា ក៏ បានស្ទុះទៅវាយបុរសនោះតែម្តង ហើយសន្តិសុខនៅទីនោះក៏បានចូលមកឃាត់ រីឯបុរសនោះក៏ រត់គេច ខ្លួនបាត់។ ស្រាប់តែក្រោយមកបុរសនោះ ក៏បានត្រឡប់មកវិញដោយមានបក្ខពួក០២នាក់កាន់សុទ្ធតែដាវនិងដែកថ្នាំងអំពៅ មកជាមួយផងដែរ ដោយដើរសំដៅមករកពួកខ្លួន ហើយខ្លួនក៏បើកឡានចេញ ស្រាប់តែបុរសនោះនិងបក្ខពួកធ្វើសកម្មភាពដេញកាប់ មិត្តភក្តិខ្លួន ទើបខ្លួនបើករថយន្តបំបុកក្រុមបុរសនោះ បណ្តាលឲ្យដួលលើដី ហើយខ្លួនក៏ហៅបក្ខពួកឡើងរថយន្តគេចខ្លួនចេញពី កន្លែងកើតហេតុតែម្តង។ ស្រាប់តែថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ពេលខ្លួនកំពុងពុះអុសនៅផ្ទះឯស្រុកកំណើត ក្នុងខេត្តព្រៃវែងក៏ស្រាប់តែសមត្ថកិច្ចចុះមកឃាត់ ខ្លួនដល់ផ្ទះតែម្តងទៅ ៕