រថយន្តដឹកដីបុកពីក្រោយរួចកិនបន្ថែមស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៣
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗគួរឲ្យរន្ធត់ និង ម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាបើកលឿនវ៉ាជែងរថយន្តភ្លាត់ស្នៀតរអិលដួល ស្របពេលដែលរថយន្ត ដឹកដី មកពីក្រោយជាន់ហ្វ្រាំងមិនទាន់ កិនស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌ
ដង្កោ ។
សពជនរងគ្រោះមានឈ្មោះ ជា សារួន ភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្ស។ ចំណែកអ្នករបួសមានឈ្មោះ គឹម ម៉ៅ ភេទប្រុសអាយុ
២៣ឆ្នាំមុខរបរបើកបរ អ្នកទាំង២ស្នាក់នៅភូមិចោមចៅសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ជាមួយគ្នា ។
បើតាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥សេរី២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BT-4228 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បាន វ៉ាជែងរថយន្តខាងមុខ តែជាអកុសល ភ្លាត់ស្នៀត រអិលដួលខ្លួនឯង ស្របពេលដែលរថយន្ត ម៉ាកហុីយ៉ាន់ដាយ យុីឌុប ដឹកដី ពណ៌ប្រផេះ លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-0583 អ្នកបើកបរមិនស្គាល់អត្តសញញាណ បើកល្បឿនលឿន ពីត្បូងទៅជើងស្របទិសគ្នា ហ្វ្រាំងមិនទាន់ បុកកិនជាន់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ភ្លាមៗអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។ ចំណែកអ្នករបួសធ្ងន់ត្រូវ រថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាននិងធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ៕