ជនជាតិចិន២ក្រុមវាយតបគ្នាផ្អើលសមត្ថកិច្ចខណ្ឌចំការមន បន្ទាប់ពីបើករថយន្តស៊េរីទំនើប បុកគ្នានៅផ្លូវបំបែកជាបួន
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរនិងប្រុសស្រី៥នាក់ទៀតបើករថយន្តហុីយ៉ាន់ដាយH-1មួយគ្រឿងដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលទៅបុករថយន្តហុីយ៉ាន់ ស្តារុិចមួយគ្រឿងទៀតបើកបរដោយបុរសជនជាចិន បុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាត រួចទូរសព្ទ័ហៅបក្ខពួកមកដេញវាយគ្នាផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៦០ កែងនិងផ្លូវលេខ៩៥ ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចំការមន។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងប្រុសស្រី៥នាក់ទៀតបើករថយន្តហុីយ៉ាន់ដាយH-1ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AZ-3693 ធ្វើដំណើរតាមបណ្តោយផ្លូវ៩៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនមិនបន្ថយល្បឿន ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយស្តារុិចពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AO-3376 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្តហុីយ៉ាន់ដាយស្តារុិចពេញទំហឹង បណ្តាលឲ្យរថយទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា ខណះនោះខាងភាគីជនជាតិចិនប្រុសស្រី៦នាក់ជិះរថយន្តហិីយ៉ាន់ដាយH-1 បានទូរសព្ទ័ហៅបក្ខពួកបន្តែមទៀតមកកន្លែងកើតហេតុរួចបានដេញវាយទៅលើបុរសជនជាតិចិនម្នាក់ជិះរថយន្តហុិយ៉ាន់ដាយស្តារុិចបណ្តាលឲ្យរងរបួស។
បន្ទាប់ពីបានបង្កហិង្សារួចខាងភាគីជនជាតិចិនប្រុសស្រី៦នាក់ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើតហេតុគេឃើញភាគីជនជាតិចិនទាំងសងខាងបានហៅបក្ខពួកចុះមកកន្លែងកើតហេតុរៀងៗខ្លួន និងបំរុងបង្កហិង្សាដាក់គ្នាបន្តែមទៀត តែដោយមានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានធ្វើការហាមឃាត់ទើបបុរសជនជាតិចិនទាំងពីរក្រុមបានបែកផ្លូវរៀងៗខ្លួន ដោយនៅសល់តែរថយន្តទាំង២គ្រឿងខាងលើប្រគល់ឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕