លោកចៅសង្កាត់ចោមចៅ៣រវល់ពេកភ្លេចមើលផ្លូវខូច
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បានរិះគន់ទៅលើលោកចៅសង្កាត់ចោមចៅ៣ ថារវល់ពេកភ្លេចមើលទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឫប្រហែលជាឡានលោកចៅសង្កាត់ទំនើបពេកមិនដែលបើកលើផ្លូវមួយខ្សែនេះ បានជាមើលរំលងផ្លូវបេតុងមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ដែលរងការខូចខាតយ៉ាងខ្លាំងដោយសាររថយន្តដឹកទំនិញធុនធំឆ្លងកាត់។
បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្លូវដែលរងការខូចខាតខាងលើស្ថិតនៅក្បែរសាលាសង្កាត់ចោមចៅ៣ តែម្តង គឺផ្លូវច្រកចូលសាលារៀនសុវណ្ណភូមិ ចាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ រៀងរាល់ថ្ងៃប្រជាពលរដ្ឋពិបាកធ្វើដំណើរណាស់ ព្រោះកកស្ទះចរាចរ មិនតែប៉ុណ្ណោះមានភក់ជ្រាំនៅតាមដងផ្លូវពិបាកក្នុងការធ្វើដំណើរថ្មើរជើង និងយាន្តជំនិះ។ ពួកគាត់បន្តថា ផ្លូវនោះតែងតែមានរថយន្តធុនធំបើកឆ្លងកាត់រាល់ថ្ងៃ និងមានជនមួយក្រុមចាំយកលុយនៅច្រកចូលពីផ្លូវជាតិលេខ៣ទៀត។
ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេសលោកចៅសង្កាត់ចោមចៅ៣សូមជួយពិនិត្យជួសជុល និងរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវអោយបានរៀបរយដើម្បីងាយស្រួលក្នុងការធ្វើដំណើរផង៕