Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

លោក​ នី កាចាញ ជាអ្នកណាហ៊ាននាំគ្រឿងចក្រ និងគៀងគរបក្ខពួកចូលកាប់បំផ្លាញព្រៃ​ឈើក្នុងតំបនស​ហគមន៍ពីរកន្លែងនៅស្រុកអណ្ដូងមាសខេត្តរតនគិរី

ខេត្តរតនគិរី៖ ប្រភពច្បាស់ការណ៍បានអោយដឹងថា មេឈ្មួញរកស៊ីឈើដុះស្លែរខុសច្បាប់ឈ្មោះ នី កាចាញ បាននាំគ្រឿងចក្រ និង គៀងគរបក្ខពួកចូលទៅក្នុងតំបន់ព្រៃសហគមន៍ពីរកន្លែងស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រមូលយកឈើទៅលក់ឲ្យឈ្មួញវៀតណាម យ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់ឃើញអាជ្ញារធរខេត្ត និង ស្ថាប័នមួយចំនួនទៀត ចេញមុខទៅបង្រ្កាបឡើយ។

ប្រភពបានបន្តថា ប្រជាសហគមន៍ការពារព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរភូមិបាដល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ហើយកន្លងមកឈ្មួញឈើដ៏ល្បីឈ្មោះឡើងកគ្រើកខេត្តរតន:គីរី ជាអតីតមេភូមិឈ្មោះ នី កាចាញ ក៏ធ្លាប់បានជួលកម្មករសម្រុកលួចកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ដោយអូសឈើហ៊ុបមូលតាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម ដូចហែរកឋិន ប៉ុន្តែគ្មានមន្ត្រី និងសមត្ថកិច្ចណា ហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។

ប្រភពបានលើកឡើងទៀតថា កន្លងមកឈ្មួញឈើខុសច្បាប់ឈ្មោះ នីកា ចាញ បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ទីរួមក្រុងបាលុង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៦ ប៉ុន្តែ ជាបន្តបន្ទាប់ទៀតរហូតសព្វថ្ងៃឈ្មួញរូបនេះ បានប្តូររូបភាពដឹកជញ្ជូនឈើប្រណីតដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវដោយមានការឃុបឃិតពីសមត្ថកិច្ច និង អាជ្ញាធរខេត្តរតនគិរី។ ជាក់ស្តែងនៅយប់ថ្ងៃទី២២ ឧសភា ២០១៩ នៅច្រកហ្វាសាវ ឃុំញ៉ាង មានរថយន្ត នឹង ម៉ូតូដឹកឈើប្រមាណជិត១០០គ្រឿងបានសម្រុកដឹកចេញតំបន់ឧទ្យានជាតិវីរៈជ័យឆ្លងដែនទៅប្រទេសវៀតណាម ក្រោមចំណាត់ការរបស់លោក នី កាចាញ ជាឈ្មួញល្បីឈ្មោះខាងរត់ពន្ឋឈើខុសច្បាប់ទៅក្រៅប្រទេស។

ចំពោះបញ្ហានេះ បានធ្វើឲ្យមហាជនជាច្រើននិយាយតៗគ្នាថា ករណីរត់ពន្ឋឈើខុសច្បាប់ ឆ្លងដែនចេញទៅក្រៅប្រទេសបែបនេះ បើមិនមានការបើកភ្លើងខៀវ ពីមេដឹកនាំខេត្តរតនគិរីជាពិសេសប៉ូលិសព្រំដែន ទាហានព្រំដែននោះទេ ច្បាស់ជាក្រុមឈ្មួញមិនហ៊ានថ្លើមធំឡើយ។ ហើយពួកគាត់ដាក់ការសង្ស័យថា អាជ្ញាធរខេត្តរតនគិរី និងស្ថាបនពាក់ព័ន្ធមួយចំនួនទៀត កំពុងរីករាយទទួលលាភសក្ការៈពីលោក នី កាចាញ ហើយមើលទៅ ទើបរក្សាភាព​ស្ងប់ស្ងាត់ មិនបង្រ្កាបយ៉ាងដូច្នេះ ៕