នគរបាលស័ក្ដិ៣ លួច iPad ត្រូវកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការចាត់តាមច្បាប់
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអ្នកព័ត៌មានក្នុងស្រុងឲ្យបានដឹង នៅមុននេះបន្ដិចថា «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»។
សូមជម្រាបថា បន្ទាប់ពីបណ្ដាញសង្គម Face book ធ្វើរិះគន់ និង ប្រតិកម្ម រឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។
មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។
ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក iPad នៅក្នុងហាងវីងមួយកន្លែង នៅខណ្ឌទួលគោកនោះ នៅតែក្លាយជាប្រធានបទក្តៅគគុក សម្រាប់អ្នកលេងសង្គម Facebook និងគ្រប់មជ្ឈដ្ឋានតែម្តង ៕