Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនឃាត.ក​សម្លាប់ក្មេងទាំង២នាក់ដាក់ពន្ធនាគារអាចជាប់​១ជីវិត

ព្រះសីហនុ៖ លោក ឡូត ផារី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ  នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ បានចេញដីកាឃុំខ្លួនឃាតកសម្លាប់ក្មេងទាំង២នាក់ ដាក់ពន្ធនាគារ ហើយ 

តំណាងអយ្យការនៃសាលាដំបូងខេត្ដព្រះសីហនុ បានសម្រេចចោទប្រកាន់ចំនួន២បទល្មើសដែល អាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។

ទាក់ទិននឹងសំណុំរឿងនេះដែរ លោក លឹម ប៊ុនហេងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា ជនល្មើសឈ្មោះ មៀង វិចិត្រ ដែលជាប់សង្ស័យករណីឃាតកម្មរំលោភសម្លាប់កុមារីឈ្មោះ ផា ស្រីល័ក្ខ និងកុមារាឈ្មោះ ផា សុខលី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចំនួន២បទល្មើស។

បទល្មើសចំនួន២នោះរួមមាន៖  បទឃាតកម្ម មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ និង បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈមាត្រា២០៥ នៃ ក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ជនដៃដល់ដែលសម្លាប់ក្មេងតូចទាំងពីរនាក់ គឺជាមុខសញ្ញាដ៏គ្រោះថ្នាក់មួយ និងបានប្រព្រឹត្តបទល្មើសជាបន្ដបន្ទាប់ពីអតីតកាល រហូតសមត្ថកិច្ចចាប់ខ្លួន និង ជាប់ពន្ធនាគារទៀត ផង ។

គួររំលឹកថា ជនសង័្សយនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន កាលពីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកមេសាង ខេត្តព្រៃវែង ពាក់ព័ន្ធ អំពើឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយកុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ ៕