នោះកុំចេះតែហ៊ាន លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ហៅប្រធានគណនីកាស៊ីណូ Queenco ឲ្យមកសុំទោសម្ដាយយុវជន…….
ព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ដែលមានប្រជាប្រិយភាពនោះ នៅព្រឹកថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នេះបានអោយ PVN News ដឹងថា បន្ទាប់ពីលោកបានមើលឃើញវីដេអូ ប្រធានគណនី កាស៊ីណូ នៅកំពង់សោម ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស លោកឧត្ដមសេនីយ៍ទោស្នងការបានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកោះហៅប្រធានគណនី ឈ្មោះ ខេន ដារិន និង បុគ្គលិក សណ្ឋាគារ និង កាស៊ីណូ Queenco នៅខេត្តព្រះសីហុន មកដោះស្រាយ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន បានអោយដឹងទៀតថា ករណីនេះត្រូវតែអោយលោក ខេន ដារិន ប្រធានគណនីកាស៊ីណូ Queenco ធ្វើការសុំទោសម្ដាយរបស់យុវជនម្នាក់ដែលជាបុគ្គលិកនៅកាស៊ីណូ ។ ចំណែកយុវជនជាបុគ្គលិកដែលធ្វើការខុសឆ្គងនៅក្នុងក្រុមហ៊ុន ឬ មានកំហុសឆ្គងចំពោះលោក ខេន ដារិន ត្រូវសុំទោសលោក ខេន ដារិន វិញដែរ ។
ការរិះគន់យ៉ាងកក្រើក Facebook បានកើតឡើងបន្ទាប់ពីលោក ខេន ដារិន ប្រធានគណនី កាស៊ីណូ Queenco នៅខេត្តព្រះសីហនុ បានជេរប្រមាថបុគ្គលិកក្រោមបង្គាប់របស់ខ្លួនហើយរាលដាលដល់ ម្ដាយរបស់បុគ្គលិករូបនោះទៀតផង ។ អ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ គឺ លោក ខេន ដារិន ដែលជេរម្ដាយគេហើយ អោយគេសុំទោសខ្លួនថែមទៀត ចំពោះទង្វើរបស់លោក ខេន ដារិន ជេរម្ដាយបុគ្គលិក លោក ខេន ដារិន មិនបានសុំទោសនោះទេ ។
ហេតុនេះហើយទើបនៅព្រឹកថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នេះ លោកឧត្ដមសេនីយ៍ទោ ជូន ណារិន បានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកោះហៅ ភាគីពាក់ព័ន្ធទាំងអស់មកដោះស្រាយឡើងវិញ ។ ជាពិសេសត្រូវតែអោយលោក ខេន ដារិន សុំទោសម្ដាយបុគ្គលិកនោះតាមរយះវីដេអូ មួយផ្សាយជាសាធារណៈដើម្បីផ្ដល់កិត្តិយសជូនលោកស្រីជាម្ដាយរបស់បុគ្គលិករូបនោះវិញ ។
សូមគាំទ្រនូវចំណាត់ការរបស់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុដែលបានរកយុត្តិធម៌អោយម្ដាយបុគ្គលិកដែលរងការជេរប្រមាថពីឈ្មោះ ខេន ដារិន ប្រធានគណនីកាស៊ីណូ Queenco នៅកំពុងសោម ៕