បាក់វេរ៉ង់ដាធ្លាក់សង្កត់មេជាងសំណង់ម្នាក់ស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ៖ បុរសមេជាងសំណង់ម្នាក់ត្រូវប្លង់សេ វេរ៉ង់ដា បាក់ធ្លាក់សង្កត់បាក់ចង្កេះ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ខណៈកំពុងធ្វើការ និងបានធ្លាក់ទៅដំបូលផ្ទះលក់ គុយទាវដែលនៅក្បែនោះធ្វើឲ្យភ្ញៀវកំពុងអង្គុយហូប គុយទាវ ភ័យរត់ព្រលឹងចុងសក់ ៖ ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩នៅចំណុច អាគារសំណងជួសជុលមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៥កែងនិងផ្លូវសាលាដែក ក្រុម១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ រ៉ន ខុម ភេទប្រុសអាយុ២៩ឆ្នាំមុខរបរជាងសំណង់ មានស្រុកកំណើត ភូមិសំរោង ឃុំចុងដូង ស្រុកបារាយ ខេត្តកំពង់ធំ និង មានប្រពន្ធ ឈ្មោះ ឆែម ស្រីរត្ន័ អាយុ២៧ឆ្នាំមុខរបរកម្មករសំណង់មានកូនស្រីម្នាក់អាយុ៣ឆ្នាំស្នាក់នៅកន្លែងកើតហេតុ ជាមួយគ្នា ។
បើយោងតាមប្រភពពីកម្មករដែលធ្វើការនៅកន្លែងហេតុខាងឡើងបានអោយដឹងថា មុនកើតហេតុជនរងគ្រោះបានឡើងទៅជាន់ទី១ហើយបាន វាយការ៉ូ នៅជញ្ជាំងដើម្បីបិតការ៉ូថ្មី ខណៈដែលកំពុងវាយ ក៏ស្រាប់តែបាក់ថ្មបេតុង វេរ៉ង់ដា ពីជាន់ទី២ ធ្លាក់មកជាន់ទ១សង្កត់បុរសរងគ្រោះបណ្ដាលឲ្យគៀបជាប់បាក់ចង្កេះ។
-ប្រភពបានបន្តថា ភ្លាមៗនោះកម្មករដែលធ្វើការនៅក្បែជនរងគ្រោះបានទៅជួយគាស់យកជនរងគ្រោះចេញរួចលើកមកដាក់នៅខាងក្រោម រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលហៅរថយន្តសង្គ្រោះ ខណៈពេលដែលក្រុមគ្រូពេទ្យសង្គ្រោះមកដល់ហើយពិនិត្យក៏បានបញ្ជាក់ថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ! គ្រាន់តែលឺដូច្នេះ ស្ត្រីជាប្រពន្ធបានស្រែកទ្រហោយំបោកខ្លួនគួរឲ្យសង្វេក។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញបានចុះមកពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រូសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕