កុំចេះតែហ៊ាន!! ស្ត្រីចិត្តក្តៅដែលបាញ់បោះនៅវត្តសារ៉ាវន្ត័នោះ អីឡូវចូលគុកព្រៃសជាបណ្តោះអាសន្នសិន
ភ្នំពេញ៖ មកដល់ពេលនេះ ស្ត្រីចិត្តក្តៅដែលទៅបាញ់ផ្អើលពេញវត្តសារ៉ាវន្ត័នោះ ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នហើយនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយខុសច្បាប់ ។
គួរផងដែរថាស្ត្រីចិត្តក្តៅដែលត្រូវសមត្ថកិច្ចនគបាលព្រហ្មទណ្ឌខណ្ឌដូនពេញឃាត់ខ្លួនមានឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាងអាវុធខ្លីសេរីទំនើបមួយដើម ហើយបានបញ្ជូនទៅតុលាការប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ពាក់ពន្ធ័ករណីបាញ់ចំនួន២គ្រាប់ នៅក្នុងវត្តសារ៉ាវ័ន្ត កាលវេលាម៉ោង៦:១៥នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយពីព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ត្រីជាប់ចោទ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ៕