មន្រ្តីយោធាម្នាក់ស្រវឹងស្រាជិះម៉ូតូTODAYទៅបុកទ្រូងផ្លូវរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រី យោធា បានជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំក៏ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ វេលាម៉ោង១២និង ៤០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំនុចផ្លូវលេខ១៩៣ កែងនិងផ្លូវម៉ៅសេងទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
បុរសរងគ្រោះមានឈ្មោះ សេង ចាន់ធារី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ យោធា មានស្រុកកំណើត ភូមិធម្មជាតិសម្តេចតេជោ ឃុំកន្តួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជិះម៉ូតូម៉ាក TODAY ពណ៌ស គ្មានស្លាកលេខ ។
តាមប្រភពពត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសខាងលើ មិនដឹងថាមានគោលបំណងទៅណានោះទេ គឺបានជិះម៉ូតូម៉ាក TODAY ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមផ្លូវ ម៉ៅសេងទុង ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណះមកដល់ចំនុចកើត ដោយសង្ស័យអ្នកបើកម៉ូតូ ស្រវឹងស្រាផងនោះ ទើបបណ្ដាលឲ្យរេចង្កូត ជ្រុលទៅបុកនិង ក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបុរសរូបនោះ ហោះផ្លោង ទៅផ្លូវម្ខាងទៀត បែកមាត់សន្លប់ស្តូកបាត់មាត់បាត់កតែម្តង ហើយភ្លាមៗនោះដែរ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះ របស់គ្លីនិក ឯកជន បានដឹកយកទៅធ្វើការសង្គ្រោះ ។
ក្រោយពេលកើតហេតុ នៅសល់តែម៉ូតូរបស់ជនរងគ្រោះ ដែលរងការខូចខាតតិចតួច ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគបាលទំនប់ទឹក រងចាំប្រគល់ឲ្យម្ចាស់វិញ ៕