Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តុលាការឃុំខ្លួនជនសង្ស័យរំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំដាក់គុកព្រៃស

ភ្នំពេញ៖ ជនសង្ស័យជនជាតិវៀតណាមដែលចាប់រំលោភ រួចសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំនៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ត្រូវ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ដាក់ ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជុំនុំជម្រះតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០១៨ ។

ជនសង្ស័យត្រូវបានលោក​ស្រី​ កែវ​ សុគន្ធា​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចោទ​ប្រកាន់​ពី​បទ «ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​» តាម​មាត្រា​២០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ មាត្រា​២០៥ បានចែង​ថា​ «ឃាតកម្ម​ដែល​កើត ​ក្នុង​ពេល​ឬ​ក្រោយ ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ​អស់​មួយ​ជីវិត»​។

គួររំលឹកថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជួរមាត់ទន្លេ ក្នុងភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ជនសង្ស័យដែលជាឃាតក ល្មោភកាម ឈ្មោះ ង្វៀង យ៉ាំងយី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរពីមុនលក់ដំឡូងជៀន ត្រូវគេ សង្ស័យថាដោយសារឥទ្ធិពល នៃគ្រឿងញៀន ទើបបានចាប់ក្មេងស្រីអាយុ៤ឆ្នាំដើម្បីបង្ខាំង រំលោភ រួចសម្លាប់ចោល ហើយយកសពទៅញាត់ក្នុងពាងទឹក យ៉ាងព្រៃផ្សៃបំផុត បំណងបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនវាយខ្នោះ ខណៈពេលកំពុងព្យាយាមរត់ គេចខ្លួន។
ចំណែកជនរងគ្រោះ មានឈ្មោះ ស​ ច អាយុ៤ឆ្នាំរៀននៅ សាលាមត្តេយ្យ សង្កាត់ស្វាយប៉ាក មានឪពុកឈ្មោះ ថ ហ អាយុ៣២ឆ្នាំ មុខរបរកម្មករដឹកទឹកកក និងម្ដាយឈ្មោះ ម ច អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្បែរទីតាំងកើតហេតុ៕