Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សិស្សសាលាថ្នាក់ទី៧ម្នាក់ក្នុងចំណោម៦នាក់ស្លាប់យ៉ាងអាណោចអាធម័ដោយសារលង់ទឹកស្រះក្នុងវត្តក្បែរសាលា

ភ្នំពេញ៖ យ៉ាងហោចក្មេងប្រុសម្នាក់ក្នុងចំណោម៦នាក់ត្រូវបានលង់ទឹកស្លាប់យ៉ាងអាណោចអាធម័ ខណៈដែលក្រុមគ្រួសារ សមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើននាក់ខំចុះរាវរកក្រោយទទួបានដំណឹង ក៏នៅតែមិនអាចជួយបាន រឿងហេតុនេះកើតឡើងក្នុងវត្តឧត្តរាវត្តី ស្ថិតនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង០២:៤០នាទីរសៀល នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។

ប្រភពពីក្រុមគ្រួសារបានប្រាប់អោយដឹងថា ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ អៀត​ សំរិទ្ធបញ្ញា អាយុ១៤ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យឬស្សីកែវ ថ្នាក់ទី៧ សព្វថ្ងៃមានទីលំនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមសំដីក្មេងៗដែលជាមិត្តជនរងគ្រោះបានអោយដឹងថា មុនកើតហេតុជនរងគ្រោះ និងមិត្តរួមថ្នាក់ សរុបមានគ្នា៦នាក់ ម៉ោងទំនេរមិនរៀន ដោយសាលានៅជាប់និងវត្ត ក៏នាំគ្នាទៅទិញគ្រឿងម្ជូរ យកទៅអង្គុយហូបនៅមាត់ស្រះក្នុងបរិវេណវត្ត កន្លែងកើតហេតុ ហូបបណ្តើរជជែកគ្នាលេងបណ្តើរ មិនទាន់ទាំងអស់ផង ជនរងគ្រោះដោះអាវ ស្រាតខោជើងវែង លោតចុះងូតទឹកស្រះតែម្នាក់ឯង ស្រាប់តែលង់លិចបាត់ផ្លឹបតែម្តង រកតែជួយមិនទាន់ផង ទើបបង្កឲ្យផ្អើលឆោឡោ ប្រជាពលរដ្ឋ សមត្ថកិច្ច ក្រុមគ្រួសារ នាំគ្នាចុះរាវស្រង់ឡើងគោកវិញដើម្បីសង្គ្រោះ តែនៅតែមិនដឹងខ្លួនក៏បញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ តែគ្រូពេទ្យប្រាប់ថាស្លាប់បាត់ទៅ។

ក្រោយមកសមត្ថកិច្ចជំនាញមកពិនិត្យកោសល្យវិច័យជាក់ស្តែងឃើញថា ស្លាប់ដោយសារលង់ទឹកពិតមែន រួចប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕