Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆក់កាបូបគេបានហើយតែរត់មិនផុតពីដៃសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ខណ្ឌសែនសុខ

ភ្នំពេញ៖ ទោះឆក់កាបូបគេបានមិនប្រាកដថារត់គេចខ្លួនរួចនោះទេ ជាក់ស្តែងថ្ងៃនេះកម្លាំងប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ នៅ ចំណុចមុខផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ។

ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ចាន់ ដារ៉ា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សម្ភារដកហូតបាន កាបូបយួរដៃមួយ, ទូរសព្ទ័ដៃម៉ាក iPhone០២គ្រឿង, លុយដុល្លារចំនួន១០០ដុល្លារ, លុយខ្មែរចំនួន ៦០០,០០០រៀល (ប្រគល់ឲ្យជនរងគ្រោះវិញ) និងម៉ូតូចំនួន០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GS-9889។ ដោយឡែក ជនរងគ្រោះឈ្មោះ ឡេង ផល្លា ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទី១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បីចេញេពីផ្ទះ សង្កាត់ទឹកល្អក់ទី៣ ក្នុងគោកលបំណងមកផ្សារអ៊ីអន២ តែពេលជនរងគ្រោះ ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងមកជិតជនរងគ្រោះ ធ្វើសកម្មភាពឆក់យកកាបូបបានរួចគេចខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរៗ។ ស្របពេលនោះកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញហេតុការណ៍បានធ្វើការដេញតាមចាប់បាន ជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕