ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាតបានជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពកាច់សោករម៉ូតូមិនបានសម្រេច
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពកាច់សោករម៉ូតូប្រជាពលរដ្ឋតែមិនបានសម្រេច ខណៈ២នាក់ទៀតកំពុងគេចខ្លួន។
សមត្ថិកិច្ចបានអោយដឹងថា ហេតុការណ៍ជនសង្ស័យកាច់សោករម៉ូតូមិនបានសម្រេចនេះបានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ដោយជនសង្ស័យមានគ្នាចំនួន៥នាក់បានធ្វើសកម្មភាពលួចកាច់សោករម៉ូតូម៉ាក ធូដេ មួយគ្រឿង គ្មានស្លាកលេខ តែដោយម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោក៏ចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកឈ្មោះ វេង មាសសំណាង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
សមត្ថកិច្ចបានបន្ថែមថា ក្រោយសួរនាំជនសង្ស័យរួចនៅព្រឹកថ្ងៃទី១៧ខែមិថុនា ដដែលនេះ វេលាម៉ោង០៩និង៣០នាទី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន២នាក់បន្ថែមទៀត នៅចំណុចផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងដកហូតម៉ូតូធ្វើសកម្មភាពបានមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1CL. 0665 និងវត្ថុតាងមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕