សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ព្រះសង្ឃចំននួន៧អង្គ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ
ខេត្តសៀមរាប៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៣ យាងចូល៨៤ព្រះវស្សា នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ ក្រោមអធិបតីភាព លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ព្រះសង្ឃចំននួន៧អង្គ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះមាន៖ ចាស់ជរាគ្មាទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយរោគអេដស៍ ស្ត្រីមេម៉ាយ និងជនក្រីក្រមានកូនច្រើន ចំនួន៨៤គ្រួសារ មកពីឃុំទាំង៤ នៃស្រុកអង្គរធំ ខេត្តសៀមរាប ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍ថា យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសំដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌។ សូមបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។
លោកជំទាវក៏បានបន្តថាដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេស បងប្អូនជាជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នករស់នៅជាមួយមេរោគអេដស៍ និងទុរគតជននានា និងបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំថែទាំសុខភាព និងប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នាឱកាសនេះដែរ លោកជំទាវក៏បានធ្វើការអប់រំផ្សព្វផ្សាយអំពីវិធសាស្ត្រដើម្បីបញ្ចៀសខ្លួសពីគ្រោះថ្នាក់ដោយប្រធានស័កណាមួយ ដូចខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងផ្គររន្ទះជាដើម។ លោកជំទាវក៏បានសំណូមពរ សូមបងមេត្តាជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅជិតខាងគ្នា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូលផងដែរ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល៕