«ចំប៉ីខ្មៅ» ត្រូវតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំនិងពិន័យ៣លានរៀលរឿងជេរប្រមាថពូជសាសន៍ខ្មែរ
ភ្នំពេញ)៖ ដូចការគ្រោងទុក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សំណុំរឿង «ចំប៉ីខ្មៅ» ប្រមាថពូជសាសន៍ខ្មែរ។
សាលក្រមរបស់តុលាការ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣លានរៀល ចូលជាថវិការដ្ឋ ពីបទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា«ខ្ញុំទទួលយក សាលក្រមរបស់តុលាការ។ ខ្ញុំអត់ប្តឹងឧទ្ធរណ៍ទេ»។
នៅក្នុងសវនាការកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានទទួលស្គាល់កំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យនាពេលកន្លងមក។
គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ នៅក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជនជាប់ចោទ រូបនេះបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល។
បន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅតុលាការ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩៕