អាវុធហត្ថឃាត់ខ្លួនជនជាតិចិនពាក់អាវផ្កាយ១យកទៅសួរនាំ
ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនបុរសជនជាតិចិន និងដកហូតរថយន្ត ស្លាកលេខ ខម នៅចំណុចហាង ខារ៉ាអូខេសៀងហៃ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៨ ។
បុរសជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួនរូបនោះមាន ឈ្មោះ ចាង ជិង សឹន ភេទ ប្រុស អាយុ ៤២ឆ្នាំ ទើបមកពីម៉ាកាវ ហើយមានមិត្តភក្តិបើកឡានមកទទួល ដែលនៅក្នុងឡាន នោះ មាន ឯកណ្ឋានកងយោធពលខេមរៈភូមិន្ទ មានស័ក្តិឧត្ដមសេនីយ៍ ព្យួរក្នុងឡាន ខ្លួនក៏យកពាក់ថតលេង មិននឹកស្មានថាគេបង្ហោះពេញ Facebook ដូច្នេះទេ ។
ពេលនេះបុរសជនជាតិចិនមកពីម៉ាកាវរូបនេះកំពុងសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត ។ ដោយឡែករថយន្ត និង ម្ចាស់រថយន្តដែលជាមន្ត្រីយោធានោះ កំពុងត្រូវបានថ្នាក់ដឹកនាំក្នុងស្ថាប័នកងទ័ពមានវិធានការណ៍ហើយ ។
បើតាមផ្លូវច្បាប់ បុរសចិនរូបនេះត្រូវប្រឈមមុខចំពោះបទល្មើស២មាត្រា គឺ មាត្រា ៦១៥ និង មាត្រា ៦១៦ ។
មាត្រា ៦១៥ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬ យោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ១ឆ្នាំ និង ពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល ។
មាត្រា ៦១៦ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទ៍ដែលមាន ភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬ យោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល អំពើប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនូវសំលៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាសំគាល់ ឬ យាន យន្តនគរបាល ឬ យោធា មានភាពប្រហាក់ប្រហែលគ្នានឹងសំលៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាសំគាល់ ឬ យានយន្តរបស់នគរបាល ឬ យោធា ដែលអាចនាំអោយមានការភ័ន្តច្រលំក្នុងស្មារតីនៃសាធារណជន ៕