នគរបាលបញ្ជូនខ្លួន បុរសចិនតៃវ៉ាន ៤នាក់ និងមន្ត្រីអាវុធហត្ថម្នាក់ ទៅតុលាការ ពាក់ព័ន្ធ រឿងបង្ខាំងមនុស្សជំរិតទារប្រាក់
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួន បុរសជនជាតិចិនតៃវ៉ាន់ ចំនួន ៤ នាក់ និងបុរសជនជាតិខ្មែរ ដែលគេរាយការណ៍ជាមន្ត្រីកងរាជអាវុធហត្ថ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ពាក់ព័ន្ធការណី បង្ខាំងមនុស្សជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង ៥ នាក់រួមមានឈ្មោះ CHEN CHIH HAO ភេទប្រុស អាយុ ៣៥ឆ្នាំ, ឈ្មោះ CHEN MING HUNG ភេទប្រុស អាយុ ៣៨ឆ្នាំ, ឈ្មោះ WANG HAI FENG ភេទប្រុស អាយុ ៣៧ឆ្នាំ, ឈ្មោះ JU JIN RUNG ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ ស្នាក់នៅ អគារ BRIDGE ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ខៀវ ម៉ៅ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ស្នាក់នៅផ្ទះជួល ផ្លូវ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គួររម្លឹកថា ក្រោយពីទទួលបានពាក្យបណ្ដឹងតាមរយៈទូរស័ព្ទ កាលយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញខណ្ឌចំការមន បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រុមជនសង្ស័យ ៥នាក់ខាងលើបានភ្លាមៗ នៅចំណុចអាគារញ៉ូថាមស៍ ទីតាំងលេខ៧២៤ តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានជួយសង្គ្រោះជនរងគ្រោះ ជាជនជាតិចិនតៃវ៉ាន់ ចំនួន ៤នាក់។
នៅពេលឃាត់ខ្លួន ក្រុមជនសង្ស័យ នគរបាល បានរកឃើញវត្ថុតាងរួមមាន អាវុធខ្លី ម៉ាកប៉េអាកុល លេខ១៥៥៦ ចំនួន ០១ដើម, បង់កាំភ្លើង ចំនួន ០៣បង់ មានគ្រាប់ ចំនួន ២ ០ គ្រាប់ និងខ្នោះដៃ ចំនួន ០១ ដែលជារបស់ជនសង្ស័យឈ្មោះ ខៀវ ម៉ៅ ជាមន្ត្រីកងរាជអាវុធហត្ថ៕