Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សារធាតុញៀនជាច្រើនប្រភេទទំងន់ជាង២តោន ត្រូវដុតកំទេចចោលនៅកោះពេជ្រនាព្រឹកនេះ

ភ្នំពេញ៖ មហាជនតែងតែចោទសំនួរថា តើគ្រឿងញៀនចាប់បានយកទៅណា? ពេលនេះដឹងហើយ គឺគេត្រូវមានពេលមានវេលាក្នុងការកំទេច ជាក់ស្តែងនៅព្រឹកនេះ គ្រឿងញៀនជាច្រើនប្រភេទទំងន់ជាង២តោន ត្រូវដុតកំទេចចោលនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ។

ទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា។

គ្រឿងញៀនជាង២តោន ដែលត្រូវដុតបំផ្លាញចោលនោះ រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ)។

លោក មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ធ្លាប់ប្រាប់មកអង្គភាពសារព័ត៌មានក្នុងស្រុកថា​ ជារៀងរាល់ឆ្នាំអង្គការសហប្រជាជាតិ (អ.ស.ប) បានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតម្រូវអោយប្រទេសជាសមាជិក រៀបចំទិវានេះ ទៅតាមប្រធានបទរៀងៗខ្លួន ស្របតាមបរិបទនៃការគំរាមកំហែង ដោយបញ្ហាគ្រឿងញៀន។

សូមបញ្ជាក់ថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺនៅឆ្នាំ២០១៧ និង២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានដុតកម្ទេចចោលគ្រឿងញៀន និងកញ្ឆាជាង៦០០គីឡូក្រាម៕