កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផល ដោយរឹបអូស និងដុតបំផ្លាញសាច់មងរ៉ាវ ប្រវែង១១ ០០០ម៉ែត្រ ចំរឹង៦៨០០ដើម និងក្បាលបរ១៥
ខេត្តសៀមរាប៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដោយយោងតាមអនុសាសន៍ណែនាំលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការបញ្ជាផ្ទាល់របស់ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងចម្រុះរួមមាន លោក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអ្នកពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង។
លទ្ធផលនៃការបើកយុទ្ធនាការ សមត្ថកិច្ច បានរឹបអូស និងដុតបំផ្លាញនូវ៖
១-សាច់មងរ៉ាវ ប្រវែងប្រមាណ ១១ ០០០ម៉ែត្រ
២-បង្គោលចំរឹង ចំនួន ៦៨០០ដើម
៣-ក្បាលបរ ចំនួន ១៥ក្បាលបរ
អភិបាលខេត្ត បានណែនាំឲ្យកំលាំងជំនាញពាក់ព័ន្ធរៀបចំផែនការចុះបង្រ្កាបបទល្មើសជលផលជាប់ជាប្រចាំនិងណែនាំឲ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបង្កើនការអប់រំនិងការណែនាំ ដល់ប្រជាពលរដ្ឋមិនអោយនេសាទល្មើសច្បាប់កំណត់ក្នុងរដូវបិទនេសាទ។
សូមបញ្ជាក់ថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានប្រកាសអំពីរដូវបិទនេសាទសម្រាប់ឆ្នាំ ២០១៩នេះ គឺនឹងចាប់ផ្ដើម ពី ថ្ងៃទី១ខែ មិថុនា រហូតដល់ថ្ងៃទី ៣០ខែ កញ្ញា ៕