ជនជាតិបរទេសម្នាក់សង្ស័យខ្យល់(គ)អង្គុយស្លាប់នៅក្នុងហាង(ដឹ ផាប់)បង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសវ័យ៥៤ម្នាក់មកចូលអង្គុយផឹកនៅក្នុងហាងយីហោ(ដឹ ផាប់) មិនទាន់បានផឹកផងស្រាប់តែដង្ហក់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍នេះបានបង្កការភ្ញាក់កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២ ខែកក្កដាឆ្នាំ២០១៩ នៅផ្ទះលេខ៤៤ តាមបណ្ដោយផ្លូវលេខ១៧៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបានធ្វើដំណើរដោយថ្មើរជើង តាមបណ្តោយផ្លូវ១៧៤ទិសដៅពីលិចទៅកើត មករកអង្គុយផឹកនៅក្នុងហាងខាងលើ តែមិនទាន់ទាំងបានផឹកផងស្រាប់តែអង្គុយដង្ហក់ដួល ភ្លាមៗនោះ ម្ចាស់ហាងបានទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះ ដើម្បីមកយកជនរងគ្រោះ ស្រាប់តែមួយសន្ទុះក្រោយមក ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើងខាងម្ចាស់ហាងបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញឲ្យចុះមក ត្រួតពិនិត្យរួចធ្វើកោសល្យវិច្ច័យ ទើបដឹងថាជាករណីខ្យល់គ រួចយកសព ទៅរក្សាទុកនៅសាលតម្កល់សពមន្ទីពេទ្យរុស្ស៊ីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕