Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងប្រាប់ពិភពលោកថា ទោះជាតម្លៃណាក៏ដោយ កម្ពុជាត្រូវតែបន្ដរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម

ហ្សឺណែវ, ស្វីស៖ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លើកទី៤១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះជាតម្លៃណាក៏ដោយ កម្ពុជាត្រូវតែបន្ដរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម។
លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បទពិសោធន៍នៃសង្រ្គាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍ បានទូន្មានយើងថា ទោះជាតម្លៃណាក៏ដោយ កម្ពុជាត្រូវតែបន្តរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម»។

លោកនាយករដ្ឋមន្រ្តី បានថ្លែងថា ទោះបីកម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានបន្តប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងទៀតថា នៅឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលជាថ្មីម្តងទៀត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ មានការចូលរួមពី២០គណបក្សនយោបាយ និងមានអត្រាចំនួនអ្នកចេញទៅបោះឆ្នោត រហូតដល់ ៨៣,០២% ដែលជាតួលេខមួយ ខ្ពស់បើធៀបទៅនឹងប្រទេសមួយចំនួន ដែលបានអនុវត្តនូវលទ្ធិប្រជាធិបតេយ្យជាយូរមកហើយ។
កិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តិទៅក្រោមការត្រួតពិនិត្យ និងឃ្លាំមើលដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន៥០០នាក់ អ្នកសង្កេតការណ៍ជាតិចំនួន ៨០,០០០នាក់ និងអ្នកសង្កេតការណ៍ គណបក្សចំនួន៩,០០០នាក់។ ជាអកុសលប្រទេសមួយចំនួន មិនបានបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមនោះទេ តែបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ការបោះឆ្នោតមានភាពមិនត្រឹមត្រូវ និងមិនយុត្តិធម៌។

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំសូមអង្គប្រជុំពិចារណា បើមិនបានទៅមើល និងមិនបានឃើញជាក់ស្តែងផង តើប្រទេសទាំងនោះ វាយតម្លៃការបោះឆ្នោតរបស់យើងតាមរបៀបណា? ទាំងក្នុងអំឡុងពេលឃោសនា ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ដំណើរការទាំងមូលបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងការគំរាមសូម្បីតែមួយករណី»។

ទន្ទឹមគ្នានោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នៅក្នុងនិយាមនៃការអនុវត្តជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។ ការអនុវត្តប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ដំណើរការប្រជាធិបតេយ្យ ត្រូវមានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះនូវការស្អប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល»៕
ប្រភព៖ កម្ពុជាពិត