លោកអភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៉ីសងតាមប្រព័ន្ធអ៉ីនធើណែត មួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី១ ឃាត់មនុស្សបាន១២នាក់
ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទីយប់ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌរួមមាន លោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោកវីរៈសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាល មន្ត្រីសាលាខណ្ឌ អាជ្ញាធរភូមិ -សង្កាត់ និងប្រជាការពារខណ្ឌ-សង្កាត់ ចុះបង្ក្រាបជាក់ស្ដែង ទីតាំងបើកល្បែងស៉ីសងតាមប្រព័ន្ធអ៉ីនធើណែត (ភ្នាល់បាល់តាមអ៉ីនធើណែត) ស្ថិតនៅផ្ទះលេខ៧៣ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលក្នុងប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាពបានឃាត់ខ្លួនបានមនុស្សចំនួន១២នាក់ ក្នុងនោះមាន បុគ្គលិក ចំនួន០១នាក់ និងអ្នកលេងចំនួន ១១នាក់ ( ស្រី ០៣ នាក់) ។
ដោយឡែកវត្ថុតាង គណៈបញ្ជាការឯកភាពខណ្ឌដកហូតមាន កុំព្យូទ័រ ចំនួន២១គ្រឿង , វិក័យប័ត្រកត់ពុងបាលមួយចំនួន , ប្រាក់ភ្នាល់បាល់មួយចំនួន , និងម៉ាស៉ីនបោះពុម្ភចំនួន០១គ្រឿង។
បច្ចុប្បន្ន មនុស្សនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត ដោយឡែក ទីតាំងខាងលើ ត្រូវបិទចោលជាបណ្ដោះអាសន្នផងដែរ៕