វគ្គតម្រង់ទិសស្តីពី “ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឍការ” សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត
ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត សហការជាមួយ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបើកវគ្គតម្រង់ទិសស្តីពី “ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឍការ” សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត ដែលទើបជាប់ឆ្នោតថ្មីក្នុងអាណត្តីទី៣ និងមិនធ្លាប់កាន់តំណែងពីមុន ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្តកំពត តាកែវ ខេត្តកែប ខេត្តព្រះសីហនុ លោក លោកស្រី នាយក នាយករដ្ឋបាលខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ប្រធាន អនុប្រធានការិយាល័យក្រុមលេខាធិការក្រុមប្រឹក្សា ចំណុះសាលាខេត្ត សរុប ៥២ នាក់។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០២ថ្ងៃ គឺថ្ងៃទី៨ ទី៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំណង ដើម្បីធានាឲ្យក្រុមប្រឹក្សាជាប់ឆ្នោតថ្មី អាចបំពេញការងាររបស់ខ្លួនស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ និងគោលនយោបាយវិមជ្ឍការ និងវិសមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជា។