Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចូលគោរពវិញ្ញាណក្ខ័ន្ធសពលោក ក័ន្ត សម្បត្តិ ស្នងការរងនគរបាលខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត រួមមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង ជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ក័ន្ត សម្បត្តិ ស្នងការរងនគរបាលខេត្ត ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ ហើយសពត្រូវបានតំកល់ទុកធ្វើទក្ខិណាទាន ទៅតាមប្រពៃណីសាសនានៅវត្តកេសរារាម ភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងការចូលរួមរំលែកទុក្ខនោះដែរ ឯកឧត្តម អ៊ាន ឃុន និង ឯកឧត្តម ទៀ សីហា ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព និង មន្ត្រីរាជការ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើមក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការកសាង និង អភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋាននៃកងនគរបាលជាតិ ។

ឯកឧត្តម ក៏បានបន្តទៀតថា ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ចរបស់ឧត្តមសេនីយ៍ទោ ក័ន្ត សម្បត្តិ ដែលជាថ្នាក់ដឹកនាំមួយដ៏ឆ្នើមក្នុងការបញ្ជាដឹកនាំ ក្នុងការបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ក្នុងរយៈពេល៤០ឆ្នាំមកនេះ ។ ម៉្យាងទៀតការបាត់ បង់ស្វាម៉ី លោកឪពុកជាទីស្រឡាញ់របស់បងស្រី និងកូនៗ ចៅៗក៏ដូចថ្នាក់ដឹកនាំខេត្ត ស្នងការខេត្ត អធិការនគរបាល ក្រុង ស្រុក និងមន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលឆ្មើមមួយរូប ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយដែលរកតម្លៃអ្វីមកប្រៀបធៀប ផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។

ក្នុងនោះដែរដែរឯកឧត្តម អ៊ាន ឃុន និងឯកឧត្តម ទៀ សីហា ព្រមទាំងឯកឧត្តមជាមេបញ្ជាការ បញ្ជាការរង និង ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តឧត្តមសេនីយ៍ទោ ក័ន្ត សម្បត្តិ សូមឲ្យលោកបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។

ក្នុងនោះដែរឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ខេត្ត និង បច្ច័យ ចំនួន២លានរៀល ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព ឧត្តមសេនីយ៍ទោ ក័ន្ត សម្បត្តិ យកទៅប្រើប្រាស់ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនាផងដែរ ៕