ព្រោះតែក្រគ្មានលុយទុកកូនឈឺជាង១០ថ្ងៃ ទើបសម្រេចចិត្តខ្ចីលុយគេដឹកកូនពីខេត្តមកភ្នំពេញដើម្បីព្យាបាល តែគួរឲ្យសង្វេកមកដល់ពេទ្យកូនដាច់ខ្យល់ស្លាប់
ភ្នំពេញ៖ ស្ត្រីម្នាក់ព្រោះតែជីវភាពក្រីក្រពេក គ្មានលទ្ធភាពមើលជម្ងឺកូនស្រី ទុកឲ្យកូនឈឺរហូតជាង១០ថ្ងៃ ទើបសម្រេចខ្ចីលុយអ្នកជិតខាងបញ្ចូនកូនមកភ្នំពេញដើម្បីព្យាបាល តែគួរឲ្យសង្វេកកូនបានស្លាប់បាត់បង់ជីវិតពេលបញ្ចូនមកដល់មន្ទីពេទ្យ រួចបន្តដឹកសពកូនមកផ្ទះជួលបងប្អូននៅក្បែរទីលានចាក់សម្រាមចាស់ ស្ថិតក្នុងភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ ៖ ហេតុការណ៍ គួរឲ្យអាសូរនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ។
-សពកុមារីរងគ្រោះមានឈ្មោះ សឿង ហៃ អាយុ១១ឆ្នាំ (ជាសិស្ស) ចំណែកម្ដាយមានឈ្មោះ អ៊ុត ម៉ៅ អាយុ៣៨ឆ្នាំ មុខរបបនៅផ្ទះជាមួយម្ដាយបង្កើត ដោយមានកូននៅក្នុងបន្ទុក៤នាក់ រស់នៅក្នុងភូមិត្រពាំងឥដ្ឋ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
-បើយោងតាមការរៀបរាប់របស់ស្ត្រីជាម្ដាយកុមារីរងគ្រោះបានឲ្យដឹងថា រូបគាត់មានកូនស្រី៤នាក់ក្នុងបន្ទុក និងមានប្ដីជាកម្មករកាប់ដី (មួយថ្ងៃបានកម្រៃ15000៛) ហើយជីវភាពមានការលំបាកណាស់។ ចំពោះកូនស្រីដែលបានស្លាប់នោះ គឺនាងបានឈឺអស់រយៈពេល១២ថ្ងៃមកហើយ តែមិនដឹងថាមានជម្ងឺអ្វីនោះទេ ដោយចេះតែពន្យាពេលមិនបានទៅមន្ទីពេទ្យព្យាបាល រហូតនៅថ្ងៃកើតហេតុស្ត្រីជាម្ដាយឃើញស្ថានភាពមិនស្រួលក៏សម្រេចចិត្តខ្ចីលុយអ្នកជិតខាងដឹកកូនមកភ្នំពេញ រួចបញ្ចូនមកមន្ទីពេទ្យរុស្សុី ខណៈមកដល់មន្ទីពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា កូនរបស់គាត់មានជម្ងឺគ្រុនឈាម និងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបគាត់មានការសោកស្ដាយកូនស្រីជាខ្លាំង ដោយសារមានការខ្វះខាតទើបសម្រេចចិត្តដឹកសពកូនមកផ្ទះជួលបងប្អូននៅក្បែរទីលានចាក់សម្រាមចាស់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីសុំឲ្យបងប្អូនជួយ និងអំពាវនាវរកសប្បុរសធម៌ ដើម្បីបានកម្រៃខ្លះដឹកសពកូនស្រី យកទៅធ្វើបុណ្យនៅឯស្រុកកំណើត ។
-ដោយមើលឃើញការលំបាករបស់ស្ត្រីខាងលើ និងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន នោះក៏មានសប្បុរសជនមួយចំនួនបានផ្ដល់ជាទឹកប្រាក់និងខ្លះចេញថ្លៃឡានដឹកសព ឲ្យដល់ស្រុកកំណើតធ្វើបុណ្យដើម្បីសម្រួលការលំបាកដល់រូបគាត់ផងដែរ ៕សូមបងប្អូនមេត្តាប្រុងប្រយត្ន័ជំងឺគ្រុនឈាម