នារីវ័យក្មេងម្នាក់បើករថយន្តបុកម៉ូតូកង់បីនៅខណ្ឌសែនសុខ បើករត់ដល់ខណ្ឌ៧មករាត្រូវសមត្ថកិច្ចដេញចាប់បាន
ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់សង្ស័យ ស្រវឹងបើករថយន្តស៊េរីទំនើបម៉ាករ៉េងរ៉ូវើ មិនប្រយត្ន័ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងនៅក្រោមស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យម្ចាស់កង់បីរងរបួសស្រាលរួចរថយន្តបង្កមិនបានឈប់ទទួលខុសបែជាព្យាយាមបើករត់រហូតមកដល់ស្តុបក្តាន់ពីខណ្ឌ៧មករា ក៏ត្រូវបានសមត្ថកិច្ចសហការណ៍គ្នាដេញចាប់បាន
-គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្តដាឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហពន្ធ័រុស្សុី កែវនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌ស មួយគ្រឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បើកមកផ្លូវក្រោមស្ពានឆ្លងទៅផ្លូវណតប្រីត ខណះនោះក៍មានរថយន្តស៊េរីទំនើបម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-5161បើកបរដោយនារីវ័យក្មេងស្រស់ស្អាតម្នាក់សង្ស័យស្រវឹងស្រាបានធ្វើដំណើរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សុី ទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿនមិនប្រយត្ន័ បានជ្រុលបុកម៉ូតូកង់បីឥណ្ឌា ពេញទំហឹងបណ្តាលវិលពីទៅបីជុំ សំណាងល្អម្ចាស់កង់បីរងរបួសស្រាល។
-ចំណែករថយន្ត បង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចចរាចរណ៍ប្រចាំការនៅចំណុចគោលដៅស្ពានអាកាសបានបោះដៃតាមវិទ្យុទាក់ឲ្យកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកជួយស្ទាក់ចាប់រថយន្តបង្កផង ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានចេញមកអន្តរាគមន៌ និងសហការណ៍ជាកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ទើបឃាត់រថយន្ត បង្កបាននៅចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ក្រោយឃាត់បានសមត្ថកិច្ចជំនាញខណ្ឌ៧មករា បានប្រគល់អ្នកបើកបររថយន្តបង្ក ទៅឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ចំណែករថយន្តនិងម៉ូតូកង់បីជំនាញធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕