បើកលឿនមិនប្រយត្ន័ជ្រុលបុករថយន្តដឹកដីបត់ឆ្លងផ្លូវចំពាក់កណ្ដាល គៀបស្លាប់ម្នាក់ក្នុងកាប៊ីននិងម្នាក់របួសធ្ងន់
ភ្នំពេញ៖បុរសអ្នកបើករថយន្តដឹកទឹកសុទ្ធម្នាក់ បានគៀបជាប់ក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងអាណោចអធម៌ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េដឹកទឹកសុទ្ធក្រុមហ៊ុន ជីង ឡុង បើកបោះពួយយ៉ាងលឿន មិនប្រយត្ន័ជ្រុលទៅបុកចំទទឹងរថយន្តកូរ៉េសណ្តោងទ្រុងបែនដឹកដី កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរថយន្តដឹកទឹកសុទ្ធ ខ្ទេចរួញកាប៊ីន គៀបជាប់តៃកុងនិងអ្នករួមដំណើរ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបាន កើតឡើងកាលពីវេលាាម៉ោង០៧និង០០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ភូមស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6687 សណ្តោយទ្រុងបែនដឹកដី បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវតុងទិសដៅពីលិចទៅកើតរួចបានបត់ឆ្លងផ្លូវមហាវិថីឈ្នះ ឈ្នះ ខណៈនោះ ក៏មានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4116 ដឹកទឹកសុទ្ធ ជិះគ្នា២នាក់ បើកបរដោយយុវជនម្នាក់ ជាអ្នកបម្រើការការងារ នៅក្រុមហ៊ុនទឹកសុទ្ធ ជីង ឡុង បើកមកយ៉ាងលឿនមិនប្រយត្ន័ជ្រុលបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យគៀបជាប់ក្នុងកាប៊ីន ស្លាប់តៃកុង
ចំណែកយុវជនម្នាក់ទៀតដែលរួមដំណើរឈ្មោះ ឡេង សុវណ្ណតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ធ្វើការនៅក្រុមហ៊ុនទឹកសុទ្ធ ជីង ឡុង មានទីលំនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសជើងឆ្វេង ។
ដោយឡែកអ្នកបើករថយន្ត បែនដឹកដីបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយមកក្រុមសង្គ្រោះអង្គភាព៧១១កងពលតូចលេខ៧០ បញ្ជូនរថយន្ត សម្ភារៈ ឧបករណ៍ កាត់ វះ ទាញយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈនិងទាញយកសពជនរងគ្រោះម្នាក់ទៀតដើម្បីប្រគល់ជូនសមត្ថកិច្ច ពិនិត្យនិងធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោកចាំដោះស្រាយ នៅពេលក្រោយ ៕