Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម​ កែន​ សត្ថា​ អភិបាលនៃគណះអភិបាលខេត្តកែប​ ​ជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងប៉ីហៃ នៃសាធារណះរដ្ឋប្រជាមានិតចិន

ខេត្តកែប៖ នាព្រឹកថ្ងៃព្រហស្បតិ៍២រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០១៩​ ឯកឧត្តម​ កែន​ សត្ថា​ អភិបាលនៃគណះអភិបាលខេត្តកែប​ ​ជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងប៉ីហៃ នៃសាធារណះរដ្ឋប្រជាមានិតចិន​ ដឹកនាំដោយឯកឧត្តម​ អ៊ូ​ អុីជុន​ អនុប្រធានគណះកម្មការកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទីក្រុងបុីហៃ​ ដេីម្បីរឹតចំណងមិត្តភាពក្នុងទំនាក់ទំនងជាបងប្អូន​ក្នុងនាមជាខេត្តក្រុងចងសម្ព័ន្ធមេត្រីភាព និងសិក្សាស្វែងយល់ពាក់ព័ន្ធនឹងការងារជលផល​ និងទេសចរណ៍​ សំដៅបង្កេីនកិច្ចសហប្រតិបត្តិលេីវិស័យនេះបន្ថែមទៀត។

មានប្រសាសន៍ក្នុងជំនួបប្រជុំពិភាក្សាខាងលេី​ ឯកឧត្តមប្រធានប្រតិភូក្រុងបុីហៃ​ បានថ្លែងអំណរគុណ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងទាំងពីរនាពេលកន្លងមក​ ក៏ដូចជាពេលបច្ចុប្បន្ន​ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាសំដៅបម្រេីផលប្រយោជន៍រួម។ ឯកឧត្តម​ ក៏បានអញ្ជេីញឯកឧត្តម​ កែន​ សត្ថា​ អភិបាលខេត្ត​ ដឹកនាំប្រតិភូខេត្ត​ ទៅទីក្រុងបុីហៃ​ ដេីម្បីចូលរួមចុះអនុស្សរណះយោគយល់គ្នាបន្តទៀតនៅឆ្នាំ២០២០ខាងមុខ។

ឯកឧត្តម​ កែន​ សត្ថា​ អភិបាលខេត្ត​ បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការកន្លងមក​ និងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភមន្រ្តីរាជការរដ្ឋបាលខេត្តក្នុងការបណ្តុះបណ្តាលនៅក្រុងបុីហៃកន្លងមក។ ​ ឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនអំពីសក្តានុពល​ ស្ថានភាពភូមិសាស្រ្តរបស់ខេត្ត​ និងប្រវត្តិសាស្រ្តដ៏ជូរជត់ដែលប្រទេសកម្ពុជា​ ប្រជាជនកម្ពុជា​ ធ្លាប់បានឆ្លងកាត់ពីមួយសម័យកាលទៅមួយសម័យកាល​ រហូតដល់ថ្ងៃរំដោះ៧មករា​ ឆ្នាំ១៩៧៩​ និងទទួលបានសន្តិភាពពេញបរិបូរណ៍នៅឆ្នាំ១៩៩៨​ ក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្ថែមទៀតថា​ ខេត្តកែប​ ជាខេត្តដែលត្រូវបានបង្កេីតក្រោយគេ​ និងចាប់ផ្តេីមកសាងហេដ្ឋារចនាសម្ព័ន្ធចាប់ពីបាតដៃទទេគ្មានអ្វីសោះក្រោយពីថ្ងៃរំដោះ៧មករា​ ដូចរាជធានីខេត្តដទៃទៀតនៃប្រទេសកម្ពុជា។

ឆ្លេីយតបនឹងការអញ្ជេីញរបស់ភាគីក្រុងបុីហៃ​ ឯកឧត្តមអភិបាលខេត្ត​ នឹងពិនិត្យពេលវេលាសមស្របដេីម្បីដឹកនាំប្រតិភូទៅទស្សនះកិច្ច​ និងចុះអនុស្សរណះយោគយល់គ្នានៅឆ្នាំ២០២០ខាងមុខនេះ​ហេីយឯកឧត្តមសង្ឃឹមថាចំណងមិត្តភាពនៃខេត្តក្រុងទាំងពីរនឹងកាន់តែរឹងមាំ​ មានកិច្ចសហប្រតិបត្តិការល្អលេីគ្រប់វិស័យ។ ឯកឧត្តមក៏បានស្នេីភាគីក្រុងបុីហៃ​ នូវការបណ្តុះបណ្តាលភាសាចិនដល់មន្រ្តីរាជការខេត្តកែបបន្តទៀត​ ហេីយជាការឆ្លេីយតបភាគីក្រុងបុីហៃបានឯកភាពតាមសំណេី។