ជនជាតិចិនបើករថយន្តបុករបាំងថ្មទ្រូងផ្លូវក្រឡាប់រងរបួសស្រាល
ភ្នំពេញ៖ បុរសជនជាតិចិន ម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័ក៏ជ្រុលទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងធ្វើឲ្យអ្នកបើកបររងរបួសស្រាល ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង១០នាទីភ្លឺថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩ នៅចំណុចស្តុបគីរីរម្យ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក KIA visto ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AG-4831 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួសស្រាល ចំណែករបាំងថ្មគ្រាន់តែរងការខូចខាត តិចតួចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋាននិងជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕