Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យ ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះទឹកស្រោចស្រពចំនួន៨៨០ហិតា នៅស្រុកចុងកាល

ខេត្តឧត្តរមានជ័យ៖ ដោយមើលឃើញពីផលលំបាករបស់ប្រជាកសិករ ដែលកំពុងខ្វះខាតទឹកស្រោចស្រពដំណាំស្រូវ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និង ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរ ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ថរាយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ចំនួន៨៨០ហិតា ដែលរងនូវការខ្វះខាតដោយគ្រោះរាំងស្ងួត នៅក្នុងឃុំជើងទៀន ឃុំចុងកាល និងឃុំពង្រ ស្ថិតក្នុងស្រុកចុងកាល ខេត្តឧត្ដរមានជ័យ ហើយបានដាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយសង្គ្រោះដំណាំស្រូវប្រជាកសិករ ។

ក្នុងនោះឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម បានលើកឡើងថា ដោយសារតែរយៈពេលកន្លងមកនេះ បញ្ហាគ្រោះរាំងស្ងួត បានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន៣ឃុំ ក្នុងស្រុកចុងកាល គឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់ ដូចនេះ ថ្នាក់ដឹងនាំក៏ដូចជាអាជ្ញាធរមូលដ្ឋាន កំពុងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការដាក់ម៉ាស៊ីនបូមពីអាងស្តប់ទឹកស្ទឹងស្រែងទី១ និងអាងស្ទឹងស្រែងទី២ ព្រមទាំងកាយប្រឡាយបង្ហូរទឹក ក្នុងការជួយសង្រ្គោះ និងត្រូវការទឹកស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករឲ្យទាន់ពេលវេលា។

នាឱកាសចុះពិនិត្យមើលម៉ាស៊ីនបូមទឹក និងដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ឯកឧត្តម គន់ គីម បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីធនធានទឹក ធ្វើយ៉ាងណាត្រូវរកវិធីដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករពីភាពខ្វះខាតទឹក ដោយរិះរកគ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាឲ្យក្រុមការងារយកម៉ាស៊ីនបូមទឹកចំនួន៥គ្រឿង ដើម្បីបូមទឹកជួយសង្គ្រោះស្រូវបងប្អូនប្រជាកសិក ដែលកំពុងតែត្រូវការទឹកសម្រាប់ស្រោចស្រពដំណាំស្រូវរបស់ពួកគាត់ ផងដែរ ។