វិទ្យាស្ថានជាតិអធិការកិច្ច ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ច បន្តបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច
ភ្នំពេញ៖ ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ នៅទីស្តីក្រសួង ។
ឯកឧត្តម ចាប សុថារិទ្ធ បានមានប្រសាសន៍ថា វិស័យអធិការកិច្ច ជាវិស័យមួយដ៏មានសារៈសំខាន់សម្រាប់ត្រួតពិនិត្យ ការគ្រប់រដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយអនុលោមភាព តាមរយៈ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។
ចំណែកឯការចុះធ្វើអធិការកិច្ច មិនមែនការវែករកកំហុសដើម្បីរិះគន់គន់រាជរដ្ឋាភិបាលនោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការ ដើម្បីចូលរួមបំពេញបំបន្ថែមសំរាប់ឈានទៅសម្រេច យុទ្ធសាស្ត្រចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអធិការកិច្ចល្អជាស្នូល ។
ដោយពិនិត្យឃើញអំពី សារៈសំខាន់ទាំងនេះហើយ ទើបថ្នាក់ដឹកនាំក្រសួង សម្រេចឲ្យបង្កើតវិទ្យាស្ថានជាតិអធិការកិច្ចឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអធិការកិច្ច។