គ្រួសារនៃសពសមាជិកអាវុធហត្ថរាជធានីភ្នំពេញមា្នក់ បានទទួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួនសែសិបលានបួនសែនរៀល
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ គ្រួសារនៃសពសមាជិកអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ដែលជួបរឿងអកុសល គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិត កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ និងមានមហាជនជាច្រើន បានបង្ហោះនូវសារចូលរួមរំលែកទុក្ខ ក្នុងបណ្តាញហ្វេសប៊ុក ដោយបានរៀបរាប់ ពីសកម្មភាព របស់លោក កាលនៅរស់ តែងតែដឹកដៃក្មេងៗ សិស្សសាលាបឋមសិក្សាព្រែកលៀប ឆ្លងផ្លូវស្ទើររាល់ថ្ងៃ បែជាទទួលមរណៈភាពត្រឹមមួយពព្រិចភ្នែក បន្សល់ទុកនូវភរិយាវ័យ២៦ឆ្នាំ និងកូនស្រីអាយុ១ឆ្នាំ បានទទួលថវិកាចំនួន សែសិបលាន បួនសែនរៀល (40,400,000 ៛) ដែលជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស បង្កើតឡើងដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទុកជាការសម្រាលបន្ទុកក្រុមគ្រួសារនៃសព សម្រាប់យកទៅដោះស្រាយជីវភាព តទៅថ្ងៃមុខ។
លោកអនុសេនីយ៍ត្រី សុខ ពិសី គឺជាបុគ្គលសកម្មមួយរូប ដែលបានចូលរួមបំពេញការងារនៅក្នុងមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានយ៉ាងខ្ជាប់ខ្ជួន ទាំងការងារប្រតិបត្តិការបង្រ្កាបបទល្មើស ការងារល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសគឺការងារសម្រួលចរាចរណ៍ និងជូនប្អូនៗកុមារដែលជាសិស្សសាលា បឋមសិក្សាព្រែកលៀប ឆ្លងផ្លូវនៅម៉ោងចេញនិងចូលសាលារៀន។
ពេលដែលលោក សុខ ពិសី ទទួលមរណៈភាព បានធ្វើឲ្យក្រុមគ្រួសារ បងប្អូនសាច់ញាត មិត្តរួមការងារ និងថ្នាក់ដឹកនាំអង្គភាព មានការក្តុកក្តួល សោកស្តាយ អាឡោះអាល័យ យ៉ាងខ្លាំង ជាពិសេសគឺ មហាជនជាច្រើន បានសម្តែងការអាណិតអាសូរ និង បានបង្ហោះនូវសារចូលរួមរំលែកទុក្ខ ក្នុងបណ្តាញហ្វេសប៊ុក តៗគ្នាទាំងសោកស្តាយ ។ ដូច្នេះការបាត់បង់ លោក សុខ ពិសី គឺជាការបាត់បង់ធនធានមនុស្សដ៏ល្អមួយរូប សម្រាប់គ្រួសារ អង្គភាព និងសង្គមជាតិផងដែរ៕