Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ផ្លូវក្រាលកៅស៊ូ DBST លើកំណាត់ផ្លូវលេខ៤៦និងផ្លូវលេខ៥០នៅក្រុងបានលុងនឹងមានវត្តមានក្នុងពេលឆាប់ៗនេះ

ខេត្តរតនគីរី៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូDBSTដាក់លូទឹក រៀបចំសួនច្បារ លើកំណាត់ផ្លូវលេខ៥០ និងផ្លូវលេខ៤៦ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្តរតនគីរី និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនរយនាក់។

ប្រសាសន៍ឯកឧត្តមអភិបាលខេត្តលើកឡើងថា៖ ផ្លូវមួយខ្សែនេះ ជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ទោះបីពេលនេះឯកឧត្តមកំពុងសម្រាកព្យាបាលជំងឺ ប៉ុន្តែឯកឧត្តមតែងតែគិតគូរ និងផ្ញើសេចក្តីនឹករលឹកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។ ទន្ទឹមនោះឯកឧត្តមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការតាមមន្ទីរ អង្គភាពចូលរួមថែរក្សា សមិទ្ធផលរួមរបស់ជាតិតាមរយៈការមិនចោលសំរាមក្នុងលូ តាមដងផ្លូវ និងមិនរំលោភលើចិញ្ចឹមផ្លូវសាធារណៈ ពលកម្មសំអាតអនាម័យ ព្រោះបញ្ហាអនាម័យបរិស្ថានគឺជាកាតព្វកិច្ចចូលរួមរបស់ពលរដ្ឋម្នាក់ៗ។ ក្នុងនាមអាជ្ញាធរសូមទទួលយកការទិទៀន ប៉ុន្តែការទិទៀននោះត្រូវផ្អែកលើមូលដ្ឋានកែលម្អរ មិនមែនជាការបន្ទោសបង្អាប់ បរិហារបង្ខូចកេរ្តិ៍ឈ្មោះនោះទេ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ គឺផ្លូវគមនាគមន៍ ត្រូវបានតភ្ជាប់ខេត្តរតនគិរី ទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។