យុទ្ធនាការសំអាតបរិស្ថានដើម្បីកំចាត់មូសខ្លា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ បានរៀបចំប្រារព្ធធ្វើលើទឹកដីខេត្តកំពតនៅព្រឹកនេះ
ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំកម្មវិធីយុទ្ធនាការសំអាតបរិស្ថានដើម្បីកំចាត់មូសខ្លា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោកជំទាវ នាយិការងនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា សមាជិកគណៈកម្មាធិការសាខា ប្រធានមន្ទី អង្គភាព ជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមក្រុង ស្រុក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម អាជ្ញាធរភូមិ ឃុំ សង្កាត់ និងប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប ៤០៣នាក់។
នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមកាកបាទក្រហមកម្ពុជា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ យើងនាំគ្នាធ្វើសកម្មភាព អប់រំផ្សព្វផ្សាយបន្តតាមរយៈកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម នៅតាមសាលាគោលដៅនិងសហមន៍ ហើយថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានសហការជាមួយមន្ទីរសុខាភិបាលខេត្តរៀបចំយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន អោយចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ភ្ជាប់នូវគោលជំហរប្រជាជនគំរូមួយរូបគឺ (ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក) ៕