ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះគ្រប់មន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានអនុវត្តតួនាទីភារកិច្ចផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១- ត្រូវបន្តខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរថែមទៀត ។
២- អាជ្ញាធរក្រុង ស្រុក ត្រូវបន្តអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់សង្គមផ្សេងៗ និងគ្រោះមហន្តរាយធម្មជាតិ ដូចជាអគ្គីភ័យ ខ្យល់កន្ត្រាក់ បាតុភូតផ្គររន្ទះ ជាដើម និងត្រៀមចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។
៣- មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹង និងជំរុញការទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាង និងបន្តការទប់ស្កាត់ការធ្លងរាលដាលនៃជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
៤- មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាប្រឆាំង នឹងពត៌មានក្លែងក្លាយនៅតាមបណ្តាញសង្គមហ្វេសបុក ដែលតែងតែផ្សព្វផ្សាយបំភ្លើសបង្ករអន្តិសុខជាពិសេសការវាយប្រហារមកលើរាជរដ្ឋាភិបាល។
៥- រដ្ឋបាលក្រុង-ស្រុក ត្រូវពិនិត្យមើលដេប៉ូឈើទាំងអស់នៅតាមព្រំដែន ចំពោះដេប៉ូណាដែលមិនទាន់មានច្បាប់អនុញ្ញាតិ ។
៦- អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន ការជួញដូរ ការចែកចាយ ការចរាចរណ៍គ្រឿងញៀនឆ្លងដែន និងការរៀបចំធ្វើវេទិការសាធារណៈនៅតាមមូលដ្ឋាន។
៧- មន្ទីរកសិកម្មត្រូវពិនិត្យមើលវឌ្ឍនៈភាពនៃការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សាឆ្នាំនេះ និងត្រៀមលក្ខណៈទប់ស្កាត់សត្វល្អិតបំផ្លាញដំណាំស្រូវអោយទាន់ពេលវេលា។
៨-អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការត្រួតពិនិត្យ និងការគ្រប់គ្រងដីចំណីផ្លូវសាធារណៈ។
៩- អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងរៀបចំការត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩-២០២០ នៅខេត្តស្វាយរៀងដែលនឹងចូលមកដល់នាពេលខាងមុខ។
១០- ត្រៀមរៀបចំពិធីប្រគល់ផ្ទះ២០០ខ្នងជូនប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង។
១១-មន្ទីរសុខាភិបាលត្រូវពិនិត្យ និងទប់ស្កាត់លើបញ្ហាឱសថក្លែងក្លាយនៅតាមឱសថស្ថាននានានៅក្នុងខេត្តស្វាយរៀង។
១២- អាជ្ញាធរពាក់ព័ន្ធនៅតាមព្រំដែនត្រូវទប់ស្កាត់អោយបានដាច់ខាតចំពោះការជួលដីទៅអោយប្រជាជនប្រទេសជិតខាង។
១៣- រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធត្រូវត្រៀមលក្ខណៈក្នុងការរៀបចំពិធីប្រណាំងទូកនាគ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅមាត់ទន្លេវ៉ៃគោដែលនឹងចូលមកដល់នាថ្ងៃទី២៧-២៨ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។