Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

ខេត្តកោះកុងប្រារព្ធពិធីរុក្ខទិវា០៩កក្កដានៅវត្តព្រែកស្វាយ ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង និងឯកឧត្តម យុទ្ធ ភូថង

ខេត្តកោះកុង៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសប្រារព្ធ ពិធីរុក្ខទិវា ០៩កក្កដា ឆ្នាំ២០១៩ នៅវត្តព្រែកស្វាយ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ពិធីរុក្ខទិវានាថ្ងៃនេះ គឺជាការចូលរួមអបអរសាទ ពិធីរុក្ខទិវាថ្នាក់ជាតិ ដែលបានប្រារព្ធឡើង នាថ្ងៃទី៩កក្កដា ឆ្នាំ២០១៩ ពិធីរុក្ខទិវា នាពេលនេះ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនិងកំពុងខិតខំអនុវត្តន៏ យ៉ាងសកម្មនូវ គោលនយោបាយព្រៃឈើជាតិ ដោយដាំដើមឈើឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ផ្សារភ្ជាប់ការដាំដើមឈើ ទៅនឹងការថែរក្សាការពារសម្បត្តិព្រៃឈើរបស់ជាតិ ព្រមទាំងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ប្រកបដោយវិចារណញ្ញាណ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងនូវវិធានការផ្លូវច្បាប់មួយចំនួន សម្រាប់ជាយន្តការ ដើម្បីទប់ស្កាត់ និងលុបបំបាត់ការកាប់រានទន្រ្ទាន ដោយខុសច្បាប់គ្រប់រូមភាព ដីព្រៃឈើ ដែលជាកម្មសិទ្ធរបស់រដ្ឋ។ ទន្ទឹមនឹងការកំណែទម្រង់លើវិស័យព្រៃឈើ ប្រមុខរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ លើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលស្ថិតនៅជិតតំបន់ព្រៃឈើ ដោយអនុញ្ញាតឲ្យរស់នៅដោយស្របច្បាប់ និងរួមគ្នាការពារ ថែរក្សា ព្រៃឈើ ឲ្យចេះស្រលាញ់ព្រៃឈើ ស្គាល់ច្បាស់នូវមុខងារ របស់ព្រៃឈើ ជាពិសេសទាក់ទងដល់ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកំដៅលើភពផែនដីយើងផងដែរ។ បន្ថែមពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៏ដ៏ខ្ពង់ខ្ពស់ឲ្យគ្រប់ខេត្តរកដី បម្រុងទុកសម្រាប់ កំណើនប្រជាពលរដ្ឋប្រើប្រាស់តាមគន្លងជំនឿ សាសនា ប្រពៃណី រៀងៗខ្លួនទៀតផង។ សកម្មភាពខាងលើនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះមុខប្រជាពលរដ្ឋកម្ពុជា។

ការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នាថ្ងៃនេះ បានគូសបញ្ជាក់ឲ្យឃើញ ពីការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ វិស័យព្រៃឈើ ដាំដើមឈើឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ និងចូលរួមយ៉ាងសកម្ម ពិសេសប្រជាពលរដ្ឋ ខេត្តកោះកុង របស់យើងក៏មានសុឆន្ទៈ ចូលរួមអបអរសាទរ និងចាត់ទុកបញ្ហានេះ ជាបញ្ហាចម្បង ពីព្រោះវាមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាផងដែរ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមអាជ្ញារធរខេត្ត នាងខ្ញុំសូមឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការពង្រីកការដាំដើមឈើទូទាំងខេត្តឲ្យបានច្រើនថែមទៀត ដូចជាថ្ងៃនេះ យើងបានដាំដើមឈើនៅទីនេះ សរុបចំនួន ៥,០០០ ដើម ក្នុងគោលបំណងបង្កើតគម្របព្រៃបៃតងឡើងវិញ និងធ្វើឲ្យប្រសើរឡើងនូវសោភ័ណ្ឌភាពធម្មជាតិបរិស្ថាន គម្របការពារដី ផ្ដល់ម្លប់ និងជារបាំងការពារខ្យល់ផងដែរ៕