Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធា២នាក់ដែលធ្លាក់ចូលទឹងបាត់នោះពេលនេះរកឃើញសាកសពហើយ

ស្ទឹងត្រែង៖ មន្ដ្រីយោធា២នាក់ដែលធ្លាក់​ចូលទឹកគួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងសមត្ថកិច្ចរកឃើញទាំង​២នាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩​ អណ្ដែតទៅចម្ងាយប្រមាណ១០ គីឡូ​ម៉ែត្រពីកន្លែងកើតហេតុពោលនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងថាសពមន្ដ្រីយោធាម្នាក់ត្រូវ​បានប្រទះឃើញនៅវេលាម៉ោង០៧និង​៤០​នាទីព្រឹកដែលមានឈ្មោះសុខសុវណ្ណឌីជាអ្នកជិះពីក្រោយនិងមានជំងឺគ្រុនចាញ់ហើយរហូតមកដល់ម៉ោង៨ព្រឹកនេះសពម្នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចរកឃើញដូចគ្នាដែល​មានចម្ងាយ៥០០ម៉ែត្រពីសពដែលរកឃើញដំបូង។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្ថែមថាសពជនរងគ្រោះដែលរកឃើញដំបូងត្រូវបានយកឡើងលើគោក​ហើយដោយមានក្រុមគ្រួសារនិងសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ។

សូមជម្រាបថា មន្រ្តីយោធាខ្មែរ២រូបដែលឈរជើងការពារទឹកដីនៅតំបន់ព្រំដែនអូរអាឡៃក្នុងស្រុកសៀមបាងខេត្តស្ទឹងត្រែងកន្លែង​ដែលទ័ពឡាវធ្លាប់ចូលកាន់កាប់ត្រូវបានទឹកហូរកួចយកទៅបាត់ពេលពួកគេកំពុងធ្វើដំណើរទៅព្យាបាលជំងឺគ្រុនចាញ់កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩កន្លងទៅ​នេះ។

យុទ្ធជនទាំងពីររូបដែលជួបគ្រោះអកុសល​នេះមានឈ្មោះសុខសុវណ្ណឌីនិងឈ្មោះ​ ភីនី​ដាលិ ពួកគេបម្រើការងារក្នុងអង្គភាពកងអនុសេនាធំទី៣វរសេនាតូចកាំភ្លើងធំបញ្ជាការ​ស្រាលយោធភូមិភាគទី១ប្រចាំការនៅ​ភូមិសាស្ត្រអូរអាឡៃ។យុទ្ធជនទាំងពីររូបជាកង​ទ័ពដែលទើបនឹងប្រឡងជាប់ចូលបម្រើកង​ទ័ព​កាលពីឆ្នាំ២០១៨។

យោងតាមមន្ដ្រីយោធានៃយោធភូមិភាគទី១​ជនរងគ្រោះឈ្មោះ​ ភីនីដាលិ​ មាន​តួនាទីជា​នាយក្រុមស៊ើបការណ៍មានស្រុកកំណើត​នៅ​ផ្សារតានី​ឃុំភ្នំកុងស្រុកអង្គរជ័យខេត្តកំពត និង ម្នាក់ទៀតឈ្មោះ សុខ សុវណ្ណឌី មានស្រុកកំណើតនៅភូមិកោះតាកូវ ឃុំឫស្សី ស្រុកកំពង់ត្រាចខេត្តកំពត ៕