ពលរដ្ឋសង្ស័យថាចៅសង្កាត់គោករកាកន្ទេលធំបន្លំដេកឲ្យកម្លាំងប្រជាការពារដាក់គោលដៅយកលុយពីរថយន្តដឹកទំនិញ
ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាចោទប្រកាន់ទៅលើលោក សយសុីន ចៅសង្កាត់គោករការ សង្ស័យបើកដៃឲ្យកម្លាំងប្រជាការពារដាក់ទីតាំងយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទដែលធ្វើដំណើរតាមបណ្តោយផ្លូវបេតុងភូមិគោករកាសង្កាត់គោករកា ខណ្ឌព្រែកព្នៅត្រង់ចំណុច(ខាងមុខសាលាសង្កាត់ )
យោងតាមប្រភពពីប្រជាពលរដ្ឋបានខ្សិបប្រាប់អោយដឹងថា រាល់ថ្ងៃកម្លាំងប្រជាការពារ បានដាក់គោលដៅនោះចំនួន០២ទីតាំងចាំយកលុយ គឺទីតាំងទី១ត្រង់ចំនុចផ្លូវបេតុងចេញពីសង្កាត់គោករការកែងផ្លូវមហាវិថីឈ្នះៗមុខវត្តអង្គក្រពើ និងទីតាំងទី០២ត្រង់ផ្លូវបំបែកជា៣មុខសាលាសង្កាត់តែម្តង នៅពេលរថយន្តដឹកទំនិញឆ្លងកាត់គឺយកប្រាក់ចំនួន១០០០០រៀលទៅ២០០០០រៀលក្នុងរថយន្តមួយគ្រឿងហើយឲ្យជិះចេញទៅ ដោយឡែករថយន្តមួួយចំនួនដែលមិនបានអោយលុយនោះកម្លាំងប្រជាការពារមិនអោយទៅទេ ដូច្នេះហើយគ្រប់រថយន្តដឹកទំនិញត្រូវតែបង់លុយ។
ចំពោះករណីនេះផងដែរអ្នកយកព័ត៌មានបានសួរនាំលោក សយសុីន ចៅសង្កាត់គោករកាបានប្រាប់អោយដឹងថាការដាក់កម្លាំងប្រជាការពារចំនួន០២ទីតាំងខាងលើនេះគឺលោកបានធ្វើឡើងតាមការណែនាំរបស់ សាលារាជធានីភ្នំពេញ អោយ ដាក់ហាមឃាត់មិនអោយរថយន្តដឹកទំនិញធន់ធំគ្រប់ប្រភេទឆ្លងកាត់ តែចំពោះរឿងដាក់កម្លាំងយកលុយដូចប្រជាពលរដ្ឋលើកឡើងមិនត្រឹមត្រូវនោះទេ។
ដោយឡែកលោក ផល ឡឹម ប្រធានដឹកនាំកម្លាំងប្រជាការពារបានប្រាប់អោយដឹងដែរថាចំពោះរថយន្តដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់ចេញពីផ្សារឈូកមាសបត់ចូលតាមវត្តជុំតាមផ្លូវបេតុងរហូតមកដល់មុខសាលាសង្កាត់គោករការកម្លាំងបានឃាត់តែបើឲ្យរថយន្ត ត្រឡប់ទៅក្រោយខ្លាចខូចផ្លូវដូចនេះត្រូវអោយរថយន្តបន្តដំណើរទៅមុខទៀតតែមុននឹងទៅត្រូវបង់លុយកាក់ខ្លះ។
-តែទោះជាយ៉ាងណាប្រជាពលរដ្ឋនៅតែសង្ស័យថា អាជ្ញាធរ កន្ទេលធំបន្លំដេក។
ដោយសារតែឃើញទង្វើមិនប្រក្រតីបែបនេះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះមានការមិនពេញចិត្ត ចំពោះការយកលុយបែបនេះហើយប្រជាពលរដ្ឋបានសូមសំណូមពរដល់ ឯកឧត្តម ឃួងស្រេង ដែលជាអភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ មេត្តាមានចំណាត់ការទៅលើលោកចៅសង្កាត់រួមទាំងកម្លាំងប្រជការពារដែលយកលុយពីរថយន្តមិនគិតពីការខូចខាតផ្លូវរដ្ឋខុសពីគោលការដែលលោកដាក់អោយឃាត់រថយន្តមិនអោយធ្វើដំណើរនោះទេ ជាពិសេសលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅមេត្តាចុះពិនិត្យមើលកូនចៅដែលដាក់កម្លាំងយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទតាមដងផ្លូវខាងលើនេះផង ៕