អភិបាលខេត្តកំពង់ចាម សម្រេចចិត្តឲ្យក្រុមហ៊ុនវិនិយោគថ្មភ្នំ នៅចំណុចឃុំតាំងក្រសាំង ស្រុកបាធាយ ផ្អាកការឈូសឆាយជាបណ្ដោះអាសន្
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម សម្រេចចិត្តឲ្យក្រុមហ៊ុនវិនិយោគថ្ម ១កន្លែង ឈ្មោះក្រុមហ៊ុន សុខ សុខា របស់លោកឧកញ៉ា សុខ សុខា ផ្អាកការឈូសឆាយ ជាបណ្ដោះអាសន្ន ។ ការសម្រេចនេះធ្វើឡើង កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ម្សិលម៉ិញនេះ ខណៈដែល ឯកឧត្ដមអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញ ចុះដោះស្រាយបណ្ដឹង របស់ប្រជាពលរដ្ឋ ចំពោះ ករណីក្រុមហ៊ុននេះ បាននឹងកំពុងធ្វើការឈូឆាយយកថ្មភ្នំ នៅចំណុចភ្នំគូ ស្ថិតនៅភូមិក្រដាស «ក» និងភូមិក្រដាស «ខ» ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
គួររំលឹកដែរថា បើយោងតាមពាក្យបណ្តឹង របស់ពលរដ្ឋទាំងពីរភូមិខាងលើ បានឲ្យដឹងថា ក្រុមហ៊ុន សុខ សុខា របស់លោកឧកញ៉ា សុខ សុខា បានកកាយរំលាយកូនភ្នំអស់ ចំនួន ១ នឹងកំពុងព័ទ្ធយកភ្នំផ្សេងៗ ដែលនៅក្បែរនោះបន្ថែមទៀត ។ ប្រជាពលរដ្ឋបញ្ជាក់បន្ថែមថា ពួកគាត់ មានក្ដីបារម្ភ ដោយមិនចង់ឲ្យក្រុមហ៊ុនខាងលើ ធ្វើការអភិវឌ្ឍតំបន់ភ្នំទាំងនោះឡើយ ក៏ព្រោះតែកន្លងមក ពួកគាត់តែងប្រើប្រាស់តំបន់នេះ សម្រាប់ដាំឬស្សី និងជាទីទួលសុវត្ថិភាព សម្រាប់ដាក់សត្វពាហនៈ របស់ពួកគាត់ នារដូវទឹកឡើងធំម្ដងៗ នោះ ។
ឆ្លើយតបទៅនឹងក្ដីកង្វល់ ក្នុងឱកាសជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដែលបានមកតវ៉ានោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្ត នឹងធ្វើសេចក្ដីជូនដំណឹងឲ្យក្រុមហ៊ុន សុខ សុខា ដកគ្រឿងចក្រ ចេញពីតំបន់នេះ ។ ជាមួយនោះ យើងនឹងសហការជាមួយ ក្រសួងរ៉ែ និងឋាមពល ដើម្បី សិក្សាស្រាវជ្រាវលើក្រុមហ៊ុននេះ ផងដែរ ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បានស្នើដល់បងប្អូនទាំងអស់ សូមកុំលក់ដើមឬស្សី ដែលបងប្អូនបានដាំនៅជុំវិញចង្កេះភ្នំ ទោះបីឈ្មួញបញ្ចុះបញ្ចូលទិញ នៅក្នុងរូបភាពណាក៏ដោយ ។
សូមបញ្ជាក់ដែរថា បើតាមប្រភពពីអាជ្ញាធរមូលដ្ឋាន នៅក្នុងតំបន់ភូមិក្រដាស់ «ក» និង ភូមិក្រដាស«ខ» នេះ ខាងលើ មានភ្នំតូច និងធំ សរុបចំនួន ៨ ។ តំបន់នេះ ជាដីវាលទំនាប នៅរដូវទឹកឡើង គឺមានតែភ្នំទាំងនេះទេ ដែលទឹកមិនលិច ហើយប្រជាពលរដ្ឋ តែងបានប្រើប្រាស់វា ជាទីទួលសុវត្ថិភាព សម្រាប់សត្វពាហៈ របស់ពួកគេ ។ ដោយឡែក ឆ្លើយតបទៅនឹងដំណោះស្រាយ របស់អាជ្ញាធរ ក្នុងការសម្រេចចិត្តឲ្យក្រុមហ៊ុនខាងលើ ផ្អាកការឈូសឆាយភ្នំនោះ ពួកគាត់ក៏បានសម្ដែងនូវសេចក្ដីត្រេកអរ និងការសាទរ ចំពោះ ចំណាត់ការនេះ ជាខ្លាំង ៕