ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកងកម្លាំងចម្រុះ ចុះដកបង្គោលរបងថ្មអនាធិបតេយ្យរាប់រយបង្គោលនៅភូមិពូហ្យាម ស្រុកអូររាំង ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកងកម្លាំងចម្រុះ បន្តចុះដកបង្គោលរបងថ្មអនាធិបតេយ្យរាប់រយបង្គោល ដែលជនខិលខូចបានបោះព័ទ្ធកំណត់ព្រំរំលោភយកដីលេីផ្ទៃដីគម្រោងរបស់រដ្ឋទុកសម្រាប់សាងសង់ព្រលានយន្តហោះ ដែលមានទីតាំងស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់បង្គោលទាំងនោះត្រូវបានដកចេញអស់ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តបានឲ្យដឹងថា ដោយមើលឃើញមានសកម្មភាពបោះបង្គោលរបងថ្មយ៉ាងអនាធិបតេយ្យកំណត់ព្រំដីយកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួននៅលើផ្ទៃដីគម្រោងសាងសង់ព្រលានយន្តហោះនេះ ទើបឯកឧត្តម សម្រេចដឹកនាំមន្ត្រីជំនាញបរិស្ថាន កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការដកបង្គោលរបងថ្មទាំងនោះ ដើម្បីការពារដីបម្រុងទុករបស់រដ្ឋសម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនាពេលខាងមុខ។
ហេីយបច្ចុប្បន្នបង្គោលរបងថ្មទាំងនោះ យេីងបានយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីស្រាវជ្រាវបន្តទៅតាមនិតីវិធី៕