កិច្ចប្រជុំរវាងសមាគមមិត្តភាព កម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំរវាងសមាគមមិត្តភាព កម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងឯកឧត្តម វូ ម៉ៅ ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូសមាគម នៃសមាគមប្រទេសទាំងពីជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ក្នុងនាម ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សូមអគុណចំពោះឯកឧត្តម វូ ម៉ៅ ដែលបានដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំនាពេលនេះ ស្របតាមអនុស្សារណៈយោគយល់ រវាងសមាគមមិត្តភាព ទាំងពីដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលត្រូវប្តូរវេនធ្វើជាម្ចាស់ផ្ទះនៅខេត្តស្វាយរៀងនាពេលនេះ ដើម្បីទស្សនកិច្ច និងប្រជុំបូកសរុបការងារ និងលើកទិសដៅការងារ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពនៃប្រទេសទាំងពី។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តថា តាមរយៈសមាគមនៃប្រទេសទាំងពីរ គឺជាស្ពានក្នុងការភ្ជាប់នូវចំណងទាក់ទងមិត្តភាព នៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និត បន្ថែមទៀត ស្របតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវខិតខំពង្រឹងនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ឈរលើផលប្រយោជន៍ជាតិ នៃប្រទេសយើងទាំងពីរដោយត្រូវ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅ តាមបណ្តាខេត្តជាប់ព្រំដែនជាមួយគ្នា ដោយធ្វើឲ្យប្រសើរឡើងនូវសហប្រតិបត្តិការទាំងក្នុង វិស័យអប់រំ វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឲ្យមិត្តភាពកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អ និងឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-វៀតណាម។
ជាងនេះទៅទៀត ត្រូវលើកទឹកចិត្ដដល់ថ្នាក់មូលដ្ឋាននៃ ប្រទេស ទាំងពីរ ជាពិសេសរវាងខេត្ដ ស្រុក និងឃុំ ដែលមានព្រំដែនជាប់គ្នា រួមគ្នាពង្រឹងកិច្ចសហការ ក្នុងក្របខណ្ឌសមាគមមិត្ដភាព ដើម្បីរិតចំណងសាមគ្គីភាព មិត្ដភាព សហប្រតិបត្ដិការ និងការប្រាស្រ័យទាក់ទងគ្នាលើគ្រប់វិស័យ ក្នុងនោះយកចិត្ដទុកដាក់រក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមបណ្តោយព្រំដែនអោយបានល្អប្រសើរ៕