អភិក្រមទី៥ «វះកាត់»ត្រូវបានអនុវត្តជាបន្តបន្ទាប់ចំពោះមន្ត្រីមន្ត្រីខិលខូចជាពិសេសមន្ត្រីប្រព្រឹត្តអំពើពុករលួយ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះទៅចាត់ការផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយដោយចាប់យកត្រង់ៗតែម្តងដោយមិនចាំបាច់មកតាមខ្សែអ្វីនោះទេ ហើយមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំងនេះ មិនត្រឹមតែដកតំណែងចេញនោះទេតែត្រូវពិនិត្យលើទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។ ជាក់ស្តែង ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចុះទៅចាប់ខ្លួនមន្ត្រីនៃមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្ត្រីសុរិយោដីទាំង៣រូប បានទារលុយរហូតដល់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់សំណង់រោងចក្រនៅទីនោះ ដែលលោកបានដឹងអំពីរឿងនេះច្បាស់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ការប្រព្រឹត្តអំពើពុករលួយ គឺជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើពុករលួយនេះ។ លោកក៏បានថ្លែងអំណរដល់គុណបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលបានចូលរួមចំណែកផ្តល់នូវដំណឹងក៏ដូចជាព័ត៌មានក្នុងលក្នុងការចូលរួមទប់ស្កាត់អំពើពុករលូយ៕