សង្ស័យបែកថ្នាំយកពូថៅដេញកាប់គេឯងរួចកាប់ក្បាលខ្លួនឯងរងរបួសត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ យុវជនម្នាក់សង្ស័យបែកថ្នាំបានយកពូថៅដេញកាប់គេឯង ត្រូវកម្លាំងសមត្ថកិច្ច និងប្រជាការពារដេញចាប់ដើម្បីយកទៅ ដាក់នៅមណ្ឌកែប្រែ បន្សាបគ្រឿងញៀន
-ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១ខែសីហា ឆ្នាំ២០១៩ នៅប្លុកផ្ទះជួលហៅផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនខាងលើប្រាប់ថាខ្លួនឈ្មោះ ម៉ៅ អាយុ២២ឆ្នាំ ស្នាក់នៅម្ដុំអាងទឹកអូឡាំពិក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនរូបនេះបានកាន់ពូថៅ១ដើមដេញកាប់អ្នកភូមិនៅម្ដុំក្រោយអាងទឹកក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ១ បង្កឲ្យមានការភ័យខ្លាគ្រប់ៗគ្នា បន្ទាប់មកកម្លាំងប្រជាការពារភូមិរួមជាមួយនគបាលប៉ុស្តិ៍បាននាំគ្នាដេញតាមចាប់។តែយុវជននោះគម្រាមមិនឲ្យចូល រហូតដល់ប្លុកផ្ទះជួលហៅផ្ទះឡ នៅជិតសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ដដែល ក៏បានរត់ឡើងទៅលើផ្ទះជួល។
ប្រភពដដែលបានបន្តថា កម្លាំងនគរបាលនិងប្រជាការពារក៏បានដេញតាមទៅដល់ទីនោះដែរនិងបម្រុងចូលទៅចាប់ប៉ុន្តែយុវជននេះបានលើកពូថៅគម្រាមមិនឲ្យចូលទៅជិតឡើយដោយនិយាយថា បើហ៊ានចូលជិតគេនិងកាប់សម្លាប់ខ្លួនឯង ខណៈនោះកម្លាំងសមត្ថកិច្ចនៅតែចូលទៅស្រាប់តែយុវជននោះយកពូថៅកាប់ក្បាលខ្លួនឯងបណ្ដាលឲ្យរបួស ហូរឈាមបន្ទាប់មកសមត្ថកិច្ចបានយកបំពង់ពន្លត់អគ្គីភ័យបាញ់បង្ហុយផ្សែងដាក់ទើបចាប់បាន។
ក្រោយមកបាននាំទៅព្យាបាលរបួសនិងបាននាំទៅសាកសួរធ្វើកំណត់ហេតុដើម្បីយកទៅដាក់នៅមណ្ឌកែប្រែ បន្សាបគ្រឿងញៀន ៕